សម្តេចតេជោ ហ៊ុន សែន ទម្លាយសារសំឡេង «ឆាំ ឆានី» បំណងញុះញង់បង្កអស្ថិរភាពក្នុងសង្គម

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានទម្លាយសារសំឡេងមួយ​របស់ «ឆាំ ឆានី» សកម្មជនរបស់ក្រុមប្រឆាំងជ្រុលនិយមក្រៅប្រទេស ដែលណែនាំឱ្យ​ធ្វើសកម្មភាពញុះញង់អុជអាលបំបែកបំបាក់ផ្ទៃក្នុងថ្នាក់ដឹកនាំបក្សប្រជាជនកម្ពុជា និងបំផ្លាញដំណើរការបោះឆ្នោតនៅកម្ពុជា។

សារសំឡេងដែលសម្តេតេជោ បានទម្លាយនាព្រឹកថ្ងៃពុធ ទី៣១ ខែឧសភា នេះ គឺលោក ឆាំ ឆានី បានណែនាំទៅសកម្មជនរបស់ក្រុមប្រឆាំងជ្រុលនិយម ឱ្យធ្វើវីដេអូ​ឃ្លីបបង្ហោះតាមបណ្តាញសង្គមដោយនិយាយក្នុងបំណងញុះញង់បំបែកបំបាក់ផ្ទៃក្នុងថ្នាក់ដឹកនាំរបស់បក្សប្រជាជនកម្ពុជា ជាពិសេសរវាងសម្តេចតេជោ និងសម្តេច​ក្រឡា​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ក្នុងសារសំឡេងនោះ ឆាំ ឆានី ក៏បានណែនាំឱ្យមានការនិយាយបំផុសប្រជាពលរដ្ឋកុំឱ្យ​ទៅ​បោះឆ្នោត ឬគូសសន្លឹកឆ្នោតចោលក្នុងព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសតំណាង​រាស្ត្រ​នាពេលខាងមុខនេះ។

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកផែនការនេះ រៀបចំឡើងដោយជនក្បត់​ជាតិ​៣ជំនាន់ សម រង្ស៉ី ដែលម៉ាឡេសុីទើបបណ្តេញចេញពីប្រទេស​។ សម្តេចតេជោ បានបញ្ជាក់ទៀតថា ល្បិចបំបែកបំបាក់ និងភាពពិសពុលរបស់ក្រុមនេះ នឹងបង្កើតបាន​ផល​អាក្រក់សម្រាប់ក្រុមគេនៅក្នុងប្រទេស។

សម្តេចតេជោ បានផ្តាំទៅ ឆាំ ឆានីថា សម្តេច ស ខេង ជាឧបនាយករដ្ឋមន្ត្រី ហើយលិខិតបញ្ជាក់គណបក្សភ្លើងទៀន ត្រូវបានសម្តេច ស ខេង សុំយោបល់ពីសម្តេចជានាយករដ្ឋមន្ត្រីផងដែរ។

សម្តេចតេជោ បានបញ្ជាក់បែបនេះ «នេះជាសមត្ថកិច្ចរដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ។ ឯការទទួលស្គាល់ ឬមិនទទួលស្គាល់វាជារឿងរបស់ គ.ជ.ប។ បើពួកអស់​លោក​ល្ងង់ និងគិតតែបោកប្រាស់មួលបង្កាច់បែបនេះ តើពេលណាទើបមានសេចក្តីសុខ?»

សូមបញ្ជាក់ថា ក្នុងពិធីសម្ពោធស្ពានឆ្លងទន្លេសាប និងស្ពានអាកាសឫស្សីកែវ សម្តេចតេជោនាយករដ្ឋមន្ត្រី បានព្រមានចាត់វិធានការតឹងរឹងបំផុតចំពោះជនដែលចង់បង្កការរំខានដំណើរការបោះឆ្នោត ឬបំផ្លាញសន្តិសុខសណ្តាប់ធ្នាប់នៅកម្ពុជា៕