(ភ្នំពេញ)៖ លោក អានវ៉ា អ៉ីប្រាហ៉ីម បានបញ្ជាដល់មេប៉ូលីសម៉ាឡេស៊ី ឱ្យបណ្តេញ ទណ្ឌិត សម រង្ស៉ី និងបក្សពួក ចេញឱ្យផុតពីប្រទេសម៉ាឡេស៊ី នៅវេលាម៉ោង៩ព្រឹក (ម៉ោងនៅប្រទេសម៉ាឡេស៊ី) ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ។ នេះបើយោងតាមព័ត៌មានដែលទទួលបាននៅមុននេះបន្តិច។
នេះគឺជាភាពអាម៉ាស់មុខរបស់ ទណ្ឌិតសម រង្ស៉ី និងអ្នកគាំទ្រផ្គាប់មុខ ស្របពេលដែលផែនការក្បត់ជាតិបំផ្លាញការបោះឆ្នោតនៅកម្ពុជា ត្រូវបានបែកការណ៍ និង ទទួលការបរាជ័យជាបន្តបន្ទាប់។
បើតាម សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងឲ្យដឹងថា លោក អាន់វ៉ា អ៉ីប្រាហ៉ីម នាយករដ្ឋមន្ត្រីម៉ាឡេស៉ី ធ្លាប់បានសន្យាច្បាស់ជាមួយសម្តេចចំនួន ៤ដង មិនអនុញ្ញាតឲ្យពូជក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី ចូលទឹកដីម៉ាឡេស៉ីឡើយ។
សម្តេចតេជោបញ្ជាក់ថា ការចូលមកដល់ម៉ាឡេស៉ីពីសំណាក់ទណ្ឌិត សម រង្ស៉ី មិនត្រូវបានលោក អាន់វ៉ា អ៉ីប្រាហ៉ីម នាយករដ្ឋមន្ត្រីម៉ាឡេស៉ី ដឹងឡើយ ព្រោះគេចូលតាមរយៈវិស័យឯកជន ហើយកាន់លិខិតឆ្លងដែនបារាំង។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅពេលមកដល់ម៉ាឡេស៉ី សម រង្ស៉ី និងក្រុមរបស់គេ ប្រុងរៀបចំកិច្ចប្រជុំនៅទីនោះ ប៉ុន្តែត្រូវបានអាជ្ញាធរម៉ាឡេស៉ី មិនអនុញ្ញាតឱ្យរៀបចំកិច្ចប្រជុំឡើយ។
ទីបំផុតនៅម៉ោង៩ព្រឹក (ម៉ោងនៅប្រទេសម៉ាឡេស៊ី) ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ លោក អានវ៉ា អ៉ីប្រាហ៉ីម បានបញ្ជាដល់មេប៉ូលីសម៉ាឡេស៊ី ឱ្យបណ្តេញ ទណ្ឌិត សម រង្ស៉ី និងបក្សពួក ចេញឱ្យផុតពីប្រទេសម៉ាឡេស៊ី៕