សិង្ហបុរីរំពឹងថា ការកើនឡើងវិស័យការធ្វើដំណើរ ជួយបញ្ចៀសការដើរថយក្រោយនៃសេដ្ឋកិច្ច


 (សិង្ហបុរី)៖  យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg អោយដឹងថា ប្រទេសសិង្ហបុរីមានទំនុក ចិត្តថា ការស្ទុះងើបឡើងវិញនៃវិស័យធ្វើដំណើរ ដែលជំរុញ វិស័យសេវាកម្មនឹងជួយសេដ្ឋកិច្ចរបស់ កោះនេះ ឱ្យជៀសផុតពីការដើរថយក្រោយនៃសេដ្ឋកិច្ច នៅឆ្នាំនេះ បើទោះបីជាចក្ខុវិស័យសេដ្ឋ កិច្ចពិភពលោក កាន់តែងងឹតក៏ដោយ។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា អាជ្ញាធរសិង្ហបុរី បានរក្សាការព្យាកររបស់ពួកគេ អំពីកំណើនផលិតផលក្នុងស្រុកសរុប ក្នុងចន្លោះពី ០.៥% ទៅ ២.៥% ដោយកំណើនជាក់ស្តែង ដែលត្រូវបានគេមើលឃើញថានឹងស្ថិតនៅចំណុចកណ្តាលនៃតួលេខទាំងនេះ។

ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ក៏បានចេញផ្សាយផងដែរ នូវការប៉ាន់ប្រមាណចុងក្រោយ សម្រាប់ត្រីមាសទីមួយ ដែលបង្ហាញថា ផ.ស.ស បានធ្លាក់ចុះក្នុង អត្រាប្រចាំឆ្នាំ ០.៤% ធៀបនឹងត្រីមាសទី៤ ឆ្នាំមុន តែប្រសើរជាងការព្យាករកន្លងមកដែលថា នឹងធ្លាក់ចុះ ០.៧។

លោកស្រី Yong Yik Wei ប្រធានសេដ្ឋវិទូនៃក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មបានថ្លែងថា «យើងមិនរំពឹងថា នឹងមានការដើរថយក្រោយ នៃសេដ្ឋកិច្ចនោះទេនៅឆ្នាំនេះ»។ ដោយសម្ដៅលើលទ្ធផលសេដ្ឋកិច្ចប្រចាំត្រីមាសបន្តបន្ទាប់គ្នា លោកស្រីបានបន្ថែមថា «ដោយសារ ហានិភ័យធ្លាក់ចុះ និងចក្ខុវិស័យចុះខ្សោយ យើងមិនអាចបដិសេធលទ្ធភាពដែលថា អាចមានត្រី មាសខ្លះនឹងទទួលបានកំណើនអវិជ្ជមានធៀបនឹងត្រីមាសផ្សេងទៀត នោះទេនៅឆ្នាំនេះ»

ខណៈពេលដែលក្រសួងបានទទួលស្គាល់ថា ហានិភ័យធ្លាក់ចុះនៅក្នុងសេដ្ឋកិច្ចពិភពលោកបាន កើនឡើង ហើយហានិភ័យទាំងនោះអាចដាក់បន្ទុកកាន់តែខ្លាំង លើការប្រើប្រាស់ និងការវិនិយោគ អាជីវកម្មនោះ លោកស្រី Yong បាននិយាយថា វិស័យសេវាកម្មនៅតែបន្តមានភាពធន់ ហើយគួរ តែជួយខ្លះដល់កំណើនសេដ្ឋកិច្ច និងការបង្កើតការងារធ្វើ។

ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មបានឱ្យដឹងថា ចក្ខុវិស័យសម្រាប់វិស័យអាកាសចរណ៍ និងទេស ចរណ៍នៅតែមានភាពវិជ្ជមាន ដែលជំរុញវិស័យដឹកជញ្ជូន សណ្ឋាគារ និងការកម្សាន្ត។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕