(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ បានចេញប្រកាសរួមគ្នាមួយ ស្តីពីការលើកលែងការបង់ថ្លៃសេវាសាធារណៈរបស់ ក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ នេះបើតាមប្រកាសដែលទទួលបាននៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣នេះ។
តាមរយៈប្រកាសថ្មីនេះបញ្ជាក់ថាត្រូវបានលើកលែងការបង់ថ្លៃសេវាសាធារណៈរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ដូចខាងក្រោម៖
១៖ ការផ្តល់គោលការណ៍សាងសង់ និងគោលការណ៍អភិវឌ្ឍន៍ថ្មី ការផ្តល់លិខិតអនុញ្ញាតសាងសង់ និងការផ្តល់លិខិតអនុញ្ញាតសាងសង់លើសកម្រិតសន្ទស្សន៍ ប្រើប្រាស់ដីអតិបរមាផ្លូវការ ចំពោះ សំណើសុំសាងសង់អគារមន្ទីរពេទ្យឯកជន សាងសង់អគារសាលារៀនឯកជន និងសាងសង់លំនៅ ឋានតម្លៃសមរម្យ។
២៖ ការចុះបញ្ជីដំបូងលើចំណែកឯកជននៃអគារសហកម្មសិទ្ធិ ចំពោះគម្រោងអភិវឌ្ឍន៍លំនៅឋាន តម្លៃសមរម្យ។
៣៖ ការផ្តល់វិញ្ញាបនបត្រវាស់វែងលើកដំបូង សម្រាប់អ្នកវាស់វែងដែលជាមន្ត្រីរាជការ។
ការលើកលែងការបង់ថ្លៃសេវាសាធារណៈរបស់ក្រសួងរៀបចំដែនដីនេះ ត្រូវបានគេមើលឃើញថា ដើម្បីជំរុញដល់ការងើបឡើងវិញ នៃវិស័យចលនទ្រព្យកម្ពុជា ដែលកំពុងរងរបួសដោយសារ វិបត្តិសេដ្ឋកិច្ច៕