ខឹងគេរឹបអូសទូរស័ព្ទ ក្មេងស្រីម្នាក់ ដុតកន្លែងស្នាក់នៅរបស់សិស្ស នៅប្រទេសហ្គីយ៉ាន


 (ហ៊្សកថោន)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃពុធ ទី២៤ ខែឧសភា ឆ្នាំ២០២៣ អោយដឹងថា ប៉ូលិសនៅក្នុងប្រទេសហ្គីយ៉ាន (Guyana) នៅឯតំបន់អាមេរិកខាងត្បូង នៅថ្ងៃអង្គារសប្ដាហ៍នេះបានឱ្យដឹងថាករណីភ្លើងឆេះកន្លែងស្នាក់នៅរបស់សិស្ស នៅឯសាលារៀន មួយដែលបានផ្តាច់ជីវិតក្មេងៗចំនួន១៩នាក់ គឺបង្កឡើងដោយសិស្សស្រីម្នាក់ បន្ទាប់ពីអ្នកមើលការ ខុសត្រូវក្នុងសាលាបានរឹបអូសទូរស័ព្ទដៃរបស់នាង។

ទីប្រឹក្សាសន្តិសុខជាតិនៃប្រទេសហ្គីយ៉ាន លោក Gerald Gouveia បានប្រាប់ទីភ្នាក់ងារសារ ព័ត៌មាន​ AP ថាក្មេងស្រីជាជនសង្ស័យខាងលើមានការខឹងសម្បារដោយសារតែ ទូរស័ព្ទដៃរបស់នាង ត្រូវបានរឹបអូសក្រោយខាងសាលារកឃើញថារូបនាងមានទំនាក់ទំនងផ្លូវភេទជាមួយបុរសចំណាស់ម្នាក់។ លោក Gouveia បន្ថែមថាក្មេងស្រីរូបនេះដែលមាន អាយុក្រោម ១៦ឆ្នាំ បានដុតភ្លើងនៅក្នុង បន្ទប់ទឹកនៃកន្លែងស្នាក់នៅរបស់សិស្សស្រីៗ នៃសាលាវិទ្យាល័យម៉ាឌីយ៉ា (Mahdia) ដែលស្ថិតក្នុង ទីក្រុងម៉ាឌីយ៉ា។ ចំណែក ខាងមន្ត្រីសុខាភិបាលហ្គីយ៉ាន់ ក៏បានទទួលស្គាល់ដែរថាជនសង្ស័យកំពុង សម្រាកព្យាបាលដោយសាររលាកភ្លើង នៅឯមន្ទីរពេទ្យ ហើយត្រូវបានរំពឹងថាអាចនឹងត្រូវបញ្ជូនទៅ កាន់ មណ្ឌលកែប្រែសម្រាប់អនីតិជន។ ចំណែក បុរសចំណាស់ម្នាក់នោះអាចនឹងប្រឈមមុខនឹង ការចោទប្រកាន់ពីបទរួមភេទជាមួយអនីតិជន៕