អ្នកជំនាញរបស់កម្ពុជា ជួបពិភាក្សាគ្នាជុំវិញបញ្ហាវិបត្តិសេដ្ឋកិច្ចពិភពលោក


 (ភ្នំពេញ)៖ ក្រុមអ្នកជំនាញរបស់កម្ពុជា បានជួបជជែកគ្នាជុំវិញបញ្ហាវិ​បត្តិសេដ្ឋកិច្ចពិភពលោក ស្របពេលដែលសេដ្ឋកិច្ចពិភពលោកបច្ចុប្បន្ន កំពុងជួបប្រទះភាពផុយស្រួយបណ្តាលមកពីកត្តា ជាច្រើន បូករួមទាំងវិបត្តិកូវីដ១៩ បញ្ហាជម្លោះរវាងរុស្ស៉ី និងអ៊ុយក្រែនការប្រកួតប្រជែកប្លុកសេដ្ឋ កិច្ចជាដើម។

កិច្ចពិភាក្សានេះរៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣នេះ កិច្ចពិភាក្សានេះមានមានវិគ្មិនជំនាញៗរួមមាន៖ ឯកឧត្តម បណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជ បណ្ឌិត្យសភាកម្ពុជា, ឯកឧត្តម បណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធាន វិទ្យាស្ថានសិក្សាចិន។ កិច្ចពិភាក្សានេះស្ថិតក្រោមការសម្របសម្រួលពីសំណាក់លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា។

លោកបណ្ឌិត ផាន់ ផល្លា បានថ្លែងថា សេដ្ឋកិច្ចសកលនឹងមិនត្រឡប់វិលទៅរកកំណើនខ្ពស់វិញទេ គិតចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨ ឬឆ្នាំ២០២៩។ ហើយសេដ្ឋកិច្ចសកលវានឹងនៅក្នុងកំណើនមួយដ៏ទាបនៅក្នុងរង្វង់ប្រមាណ ៣ភាគរយ។ ខណៈពាណិជ្ជកម្មសកលក៏មានការថមថយផងដែរ ដោយធ្លាក់ពី៥ភាគរយ មកត្រឹម២ភាគរយ ប៉ុន្តែ អាចនៅឆ្នាំក្រោយអាចនឹងកើនឡើង៣ភាគរយ។

មន្ត្រីជាន់ខ្ពស់រូបនេះ ក៏បានបង្ហាញការយល់ឃើញថាសម្រាប់សេដ្ឋកិច្ចសកលនាពេលបច្ចុប្បន្ននេះ មិនមែនជាវិបត្តិនោះទេ ប៉ុន្តែស្ថានភាពពិបាកក្នុងការប៉ាន់ស្មាន និងព្យាករណ៍ខ្លាំងណាស់។ ដូច្នេះ បណ្តាប្រទេសនានា នៅលើពិភពលោកត្រូវធ្វើយ៉ាងណាដើរឱ្យត្រូវ ដើម្បីកុំវាក្លាយទៅជាវិបត្តិនា ពេលខាងមុខ។

បន្ថែមពីនេះ លោកបណ្ឌិត បានបញ្ជាក់ថា សម្រាប់សេដ្ឋកិច្ចពិភពលោកបច្ចុប្បន្ន កំពុងតែបន្តជួប ប្រទះនូវវិប​ត្តិដោយសារតែសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន, បញ្ហាអតិផរណា, អស្ថិរភាពហិរញ្ញវត្ថុ, ការបែង ចែកប្លុកពាណិជ្ជកម្ម និងការប្រែប្រួលអាកាសធាតុជាដើម។

ឯកឧត្តម ប៉ែន សុវិជាតិ បានថ្លែងថា វិបត្តិកូវីដ១៩ ដែលក្លាយជាវិបត្តិសកលតាំងពីដើមឆ្នាំ២០២០ និងវិបត្តិសង្គ្រាមនៅអ៊ុយក្រែន ដែលចាប់ផ្តើមតាំងពីខែកុម្ភៈ ឆ្នាំ២០២២ មកដល់បច្ចុប្បន្ន បានប៉ះ ពាល់យ៉ាងធ្ងន់ធ្ងរ ដល់សេដ្ឋកិច្ចសាកល និងជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចកម្ពុជាស្ទើរគ្រប់ វិស័យ។ កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំប្រមាណ ៧,៧% រវាងឆ្នាំ១៩៩៨-២០១៩ បានធ្លាក់ចុះមក កំណើនអវិជ្ជមាន់ប្រមាណ -៣,១% នៅឆ្នាំ២០២០។

ឯកឧត្តម បានបន្តថា ក្រោយការដាក់ចេញគោលនយោបាយគាំពារ និងទ្រទ្រង់ពាណិជ្ជកម្ម-វិនិយោគ ដែលងាយរងគ្រោះក្នុងវិបត្តិកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជា សម្រេចបានកំណើនវិជ្ជមានវិញប្រមាណ ៤% ក្នុងឆ្នាំ២០២១ ហើយបន្តរំពឹងថាកើនដល់ ៥,៦% ក្នុងឆ្នាំ២០២២។ ដោយសារវិបត្តិអ៊ុយក្រែន-រុស្ស៉ី នាដើមឆ្នាំ២០២០ កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចប្រមាណត្រឹម ៤,៨% ក្នុងឆ្នាំ២០២២ ដែលទាបជាងការរំពឹងទុក។ កំណើនដែលរំពឹងទុកសម្រាប់ឆ្នាំ២០២៣ ប្រមាណជាង ៦% ក៏ត្រូវ បានបន្ថយមកវិញនៅត្រឹមចន្លោះ ៥,២% ទៅ៥,៥% វិញ ដោយសារវិបត្តិពាណិជ្ជកម្មសកលកំពុង រងការរាំងស្ទះ ពិសេសកត្តាអតិផរណាសកលជិត៩% ការឡើងថ្លៃប្រេង គោលនយោបាយមិន ច្បាស់លាស់របស់ចិន និងអាមេរិក ក៏ដូចជាការត្រូវការពេលវេលាក្នុងការសើរើច្រវ៉ាក់ផលិតកម្ម ឡើងវិញរបស់ក្រុមហ៊ុនដែលបានដួលរំលំក្នុងវិបត្តិកូវីដ១៩ និងសង្គ្រាម។

ឯកឧត្តម បានឱ្យដឹងថា របាយការណ៍អង្គការពាណិជ្ជកម្មពិភពលោក (WTO) ក៏បង្ហាញថា ទំហំ ពាណិជ្ជកម្មសកលក្នុងឆ្នាំ២០២៣ អាចធ្លាក់មកកំណើនត្រឹម ១,៧% ហើយការព្យាករណ៍ដែលថា កំណើនពាណិជ្ជកម្មសកលអាចកើនដល់ ៣,២% ក្នុងឆ្នាំ២០២៤ ក៏មិនអាចយកជាការបានដែរ ដោយសារវិបត្តិសង្គ្រាមនៅបន្ត ភូមិសាស្ត្រនយោបាយនៅប្រែប្រួល វិបត្តិស្បៀងសកលនៅតែ មានការរឹតត្បិតគោលនយោបាយរូបិយបណ្ណនៅតែខ្លាំង ហើយការរីកសាយភាពនៃវិបត្តិបំណុល នៃប្រទេសធំៗនៅតែបន្ត។

បើតាមលោក គី សេរីវឌ្ឍន៍ បានយល់ឃើញថាប្រសិនបើសេដ្ឋកិច្ចចិនដួល សេដ្ឋកិច្ចពិភពលោកក៏ នឹងរង់គ្រោះដូចគ្នា ជាក់ស្តែងការថមថយនៃការបញ្ជាទិញរបស់ចិន បានជះឥទ្ធិពលមកដល់សេដ្ឋកិច្ច សកលលោកផងដែរ។ ដូច្នេះ នៅក្នុងសកលលោកមិនអាចរុញឱ្យសេដ្ឋកិច្ចប្រទេសណាមួយដួល នោះទេ។ លោក គី សេរីវឌ្ឍន៍ បានបន្តថា ការការពារនិយមដែលកើតចេញដោយសហរដ្ឋអាមេរិក នៅក្នុង អាណត្តិដឹកនាំប្រទេសរបស់លោក ដូណា ត្រាំ ដែលបង្កើតឱ្យមានសង្គ្រាមពាណិជ្ជកម្មរវាងចិន និងអាមេរិក បានរួមចំណែកធ្វើឱ្យពិភពលោកខ្ទីចខ្ទាំតាំងពីពេលនោះមក។ «ត្រង់ចំណុចនេះ គឺត្រូវ តែរកវិធីដោះស្រាយ ប្រសិនបើមិនដោះស្រាយរបាំងសេដ្ឋកិច្ចសកលលោកនេះទេ គឺយើងមិនអាច ជំរុញឱ្យសេដ្ឋកិច្ចយើងរស់ក្នុងភាព សុខសាន្តបានទេ អ៊ឹចឹងបានឈានទៅដល់ភាពតានតឹងនៃ សង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន»៕