វិមានក្រឹមឡាំងនិយាយថា កិច្ចព្រមព្រៀងសមុទ្រខ្មៅចាំបាច់ត្រូវតែធ្វើឡើងក្នុងប្រយោជន៍ របស់ខ្លួន បន្ថែមទៀត បន្ទាប់ពីកិច្ចព្រមព្រៀងនេះត្រូវបានពន្យាពេលពីរខែទៀត


 (មូស្គូ)៖  យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែឧសភា ឆ្នាំ២០២៣ គឺ វិមានក្រឹមឡាំងនៅថ្ងៃព្រហស្បតិ៍ (១៨ ឧសភា) បានបញ្ជាក់ថា រុស្ស៊ីបាន បន្តកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅរយៈពេលពីរខែបន្ថែមទៀត បន្ទាប់ពីសម្រេចបាន លទ្ធផល ក្តីសង្ឃឹមមួយចំនួននៅក្នុងកិច្ចពិភាក្សា ប៉ុន្តែបាននិយាយថាវឌ្ឍនភាពបន្ថែមទៀតលើ កិច្ចព្រមព្រៀងនេះ ត្រូវតែធ្វើឡើងដើម្បីផលប្រយោជន៍របស់ខ្លួន។

ប្រធានាធិបតីតួកគី លោក Tayyip Erdogan បានប្រកាសពីការពន្យារពេលនេះ នៅក្នុងសុន្ទរកថា តាមទូរទស្សន៍កាលពីថ្ងៃពុធ ហើយវាត្រូវបានបញ្ជាក់ក្រោយមកដោយរុស្ស៊ី អ៊ុយក្រែន និងអង្គការ សហប្រជាជាតិ។

UNនិងតួកគីបានសម្រេចកិច្ចព្រមព្រៀងដែលអនុញ្ញាតឱ្យអ៊ុយក្រែននាំចេញគ្រាប់ធញ្ញជាតិពីកំពង់ផែសមុទ្រខ្មៅ សម្រាប់រយៈពេល ១២០ថ្ងៃដំបូងកាលពីខែកក្កដាឆ្នាំមុន ដើម្បីជួយដោះស្រាយវិបត្តិ ស្បៀងអាហារពិភពលោកដែលកាន់តែធ្ងន់ធ្ងរឡើង ដោយសង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។

ដំបូងឡើយ ទីក្រុងមូស្គូហាក់ដូចជាមិនចង់បន្តកិច្ចព្រមព្រៀងនេះទេ លុះត្រាតែមានបញ្ជីនៃតម្រូវការ ទាក់ទងនឹងការនាំចេញកសិផលផ្ទាល់ខ្លួនត្រូវបានបំពេញ។

ដោយអត្ថាធិប្បាយលើការបន្តកិច្ចព្រមព្រៀងនេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា អ្វីដែលលោកហៅថា «លទ្ធផលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់» សម្រាប់ រុស្ស៊ីត្រូវបានសម្រេចនៅក្នុងការចរចាលើការបន្ធូរបន្ថយការរឹតបន្តឹងលើការនាំចេញកសិផលរបស់រុស្ស៊ី។ នៅក្នុងការហៅទូរស័ព្ទជាមួយអ្នកសារព័ត៌មាន លោកបាននិយាយថា សេណារីយ៉ូផ្សេងៗគ្នា កំពុងត្រូវបានដោះស្រាយទាក់ទងនឹងការបន្ធូរបន្ថយ ការទប់ស្កាត់ការផ្ទេរប្រាក់អន្តរជាតិលើធនាគារ កសិកម្មរដ្ឋរបស់រុស្ស៊ី ដែលជាការទាមទារដ៏សំខាន់មួយរបស់ទីក្រុងម៉ូស្គូ។

លោកបានបន្ថែមថា «ផ្អែក​លើ​ការ​ចរចា​ដែល​បាន​កើត​ឡើង​រហូត​មក​ដល់​ពេល​នេះ មាន​សង្ឃឹម​ខ្លះ​ហើយ…ប៉ុន្តែ​ទីក្រុង​ម៉ូស្គូ​ចង់​ឃើញ​ការ​រីកចម្រើន​បន្ថែម​ទៀត​ក្នុង​រយៈពេល​ពីរ​ខែ​ខាង​មុខ»៕