លោក ហ្សេលេនស្គី៖ តំបន់គ្រីមៀ នឹងត្រឡប់មកស្ថិតក្រោមការគ្រប់គ្រង របស់អ៊ុយក្រែនវិញ យ៉ាងពិតប្រាកដ

 (កៀវ)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០២៣ បានប្រាប់អោយដឹងថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃ ព្រហស្បតិ៍សប្ដាហ៍នេះបានបង្កើតក្រុមប្រឹក្សាបង្រួបបង្រួមជាតិមួយ ដែលមានតួនាទីប្រឹក្សាយោ បល់ស្ដីពីការ ស្ដារឡើងវិញនូវការគ្រប់គ្រងរបស់អ៊ុយក្រែន លើតំបន់គ្រីមៀ ជាមួយការសង្កត់ធ្ងន់ថា ការរំដោះឧបទ្វីបមួយនេះដែលត្រូវបានរុស្ស៉ីដណ្ដើមយកកាលពីឆ្នាំ២០១៤ ច្បាស់ណាស់ថា នឹង កើតឡើងយ៉ាងពិតប្រាកដ។

លោក ហ្សេលេនស្គី ធ្វើការកត់សម្គាល់បែបនេះ នៅឯពិធីមួយរៀបចំឡើងក្នុងទីក្រុងកៀវ ដើម្បីរំឮក ខួបនៃការបណ្ដេញចេញជនជាតិតាតា (Tatars) ចេញពីតំបន់គ្រីមៀ ដោយ អាជ្ញាធរសូវៀត កាលពី ឆ្នាំ១៩៤៤។ បើតាមលោក ហ្សេលេនស្គី បណ្ដាប្រទេសកាន់តែច្រើនឡើងចាប់ផ្ដើមយល់ឃើញថា សន្តិភាពនឹងមិនអាចកើតឡើងឡើយ បើគ្មានការប្រគល់ តំបន់គ្រីមៀ មកឱ្យអ៊ុយក្រែនវិញ។  «យើងនឹងបន្តការងាររបស់យើង ដើម្បីរំដោះតំបន់គ្រីមៀ។ ច្បាស់ណាថាវានឹងកើតឡើង ហើយតំបន់ គ្រីមៀ នឹងត្រឡប់ទៅក្រោមប្រព័ន្ធគ្រប់គ្រង រដ្ឋរបស់អ៊ុយក្រែន»។ នេះការបញ្ជាក់របស់លោក ហ្សេ លេនស្គី ប្រាប់សហគមន៍ជនជាតិតាតា។

គួរបញ្ជាក់ថា រុស្ស៉ី មិនបានបង្ហាញពីសញ្ញាបោះបង់ចោលតំបន់គ្រីមៀ ទេ រីឯអ៊ុយក្រែនវិញកំពុង ត្រៀមខ្លួន បើកប្រតិបត្តិការវាយបកទ្រង់ទ្រាយធំសំដៅដណ្ដើមយកទឹកដីរបស់ខ្លួន ដែលកងទ័ព រុស្ស៉ីកំពុងកាន់កាប់ត្រឡប់មកវិញ។ ទាំងលោក ហ្សេលេនស្គី និងក្រុមមន្ត្រីអ៊ុយក្រែន សុទ្ធតែធ្លាប់ បានលើកឡើងថាការដណ្ដើមយកតំបន់គ្រីមៀមកវិញ គឺជាគោលដៅ មួយនៅក្នុងចំណោមកម្មវត្ថុ សំខាន់ៗរបស់ខ្លួន៕