(ភ្នំពេញ)៖ «សេចក្ដីព្រាងច្បាប់ស្ដីពីវិធានដើមកំណើតទំនិញ» ត្រូវបានគណៈរដ្ឋមន្ត្រីពិនិត្យ ពិភាក្សា និងអនុម័តរួចរាល់ហើយក្នុងកិច្ចប្រជុំដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ។
ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិ បាល បានឱ្យដឹងថា សេចក្តីព្រាងច្បាប់នេះ មានគោលបំណងកំណត់អំពីគោលការណ៍ និងវិធានស្ដី ពីដើមកំណើតនៃទំនិញនាំចេញ និងទំនិញនាំចូល, ជំរុញ និងសម្រួលពាណិជ្ជកម្មដែលទទួលបាន ប្រយោជន៍ពីការអនុគ្រោះពាណិជ្ជកម្ម និងការអនុវត្តក្រៅប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម និងចូលរួមទប់ ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ។
សេចក្តីព្រាងច្បាប់នេះ មានអត្ថប្រយោជន៍សំខាន់ដូចខាងក្រោម៖
* កំណត់អំពីគោលការណ៍ និងវិធានដើមកំណើតទំនិញ ទាំងវិធានដើមកំណើត ទំនិញក្រោមប្រព័ន្ធ អនុគ្រោះពាណិជ្ជកម្ម និងក្រៅប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម ដែល បច្ចុប្បន្នកម្ពុជាពុំទាន់មានច្បាប់ ចែងដោយឡែក អំពីវិធានដើមកំណើតទំនិញ ក្រោម ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម និងក្រៅប្រព័ន្ធអនុ គ្រោះពាណិជ្ជកម្មនៅឡើយទេ ក្រៅពី ការអនុវត្តផ្នែកនេះតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី នានាដែលកម្ពុជាជាសមាជិក។
* ផ្ដល់ជាមូលដ្ឋានច្បាប់ច្បាស់លាស់ដល់អាជ្ញាធរមានសមត្ថកិច្ច ជាពិសេសក្រសួង ពាណិជ្ជកម្ម ដែលទទួលបន្ទុកចេញវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ និងក្រ សួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលមានអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជាសេនា ធិការទទួលបន្ទុកលើការទទួលសំអាង ដើមកំណើតទំនិញ ក្នុងការអនុវត្តការងារទាក់ ទងនឹងវិធានដើមកំណើតទំនិញ។
* ជួយឱ្យកម្ពុជាអាចបំពេញបាននូវការសន្យារបស់ខ្លួន ក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភព លោក។
* ជួយជំរុញ និងសម្រួលពាណិជ្ជកម្មដល់វិស័យឯកជន ជាពិសេសការនាំចេញទំនិញរបស់កម្ពុជា ដែលទទួលបានការអនុគ្រោះពន្ធពីប្រទេសនាំចូល ដែលផ្ដល់ភាពអនុគ្រោះពាណិជ្ជកម្មដល់កម្ពុជា និងក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានាដែលកម្ពុជាជាសមាជិក។
* ចូលរួមបង្ការ និងទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ ដែលអាចជួយធានាថាទំនិញនាំចេញពី កម្ពុជាគឺមានដើមកំណើតនៅកម្ពុជា ហើយអនុលោមតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានាដែល កម្ពុជាជាសមាជិក និងប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម។
* តាមរយៈយន្តការនានាក្នុងច្បាប់នេះ នឹងជួយឱ្យកម្ពុជារក្សាបាននូវផលប្រយោជន៍សេដ្ឋកិច្ចដែល ទទួលបានពីប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដែលកម្ពុជាជា សមាជិក រួមទាំងអាចជួយកៀរគរចំណូលថវិកាជាតិ។
* ចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពសង្គម។
សេចក្តីព្រាងច្បាប់នេះ
មានវិសាលភាពអនុវត្តលើវិធានដើមកំណើតទំនិញក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម
និងវិធានដើមកំណើតទំនិញក្រៅប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម និងត្រូវអនុវត្តចំពោះ៖
១៖ ផលិតករ និងអ្នកនាំចេញនាំចូល ដែលមានតម្រូវការសំអាងដើមកំណើតទំនិញ
និងស្លាក សញ្ញាសម្គាល់ដើមកំណើតផលិតផល។
២៖ អាជ្ញាធរចេញវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញនៃទំនិញនាំចូល។
៣៖ អាជ្ញាធរទទួលសំអាងដើមកំណើតទំនិញនៃទំនិញនាំចូល។
៤៖ នីតបុគ្គល ឬស្ថាប័នដែលចូលរួមក្នុងសកម្មភាពពាណិជ្ជកម្ម
ដែលធ្វើប្រតិវេទន៍ដើមកំណើតទំនិញ។
សេចក្ដីព្រាងច្បាប់នេះ មានចំនួន ៩ជំពូក ដែលរួមមាន ៣៥មាត្រា៕