ប្រធានក្រុមប្រឹក្សាអឺរ៉ុប អំពាវនាវឲ្យមានកិច្ចសហប្រតិបត្តិការ ប្រកបដោយ «ស្ថិរភាព និងការស្ថាបនា» ជាមួយចិន


 (តូក្យូ)៖  យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៩ ខែឧសភា ឆ្នាំ២០២៣ បានបញ្ជាក់ថា ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក ឆាលស៍ មីសែល (Charles Michel) បាននិយាយនៅថ្ងៃសុក្រនេះថា វាគឺជាផលប្រយោជន៍របស់សហភាពអឺរ៉ុប (EU) ក្នុងការរក្សា កិច្ច សហប្រតិបត្តិការប្រកបដោយ «ស្ថិរភាព និងការស្ថាបនា» ជាមួយប្រទេសចិន ខណៈបណ្តាមេដឹកនាំ G7 បានជួបប្រជុំគ្នាដើម្បីពិចារណាលើអ្វីដែលខ្លួនចាត់ទុកថាជា «ការសម្លុតគំរាមផ្នែកសេដ្ឋកិច្ច» របស់ចិន រួមទាំងកង្វល់ផ្សេងៗទៀត។

មន្ត្រីអាមេរិកមួយរូបបាននិយាយថា បណ្តាមេដឹកនាំ G7 ដែលកំពុងជួបប្រជុំគ្នានៅឯទីក្រុងហ៊ីរ៉ូស៊ីម៉ា នៃប្រទេសជប៉ុន ចាប់ពីថ្ងៃសុក្រនេះ ត្រូវបានគេរំពឹងថានឹងចេញ សេចក្តីថ្លែងការណ៍រួមមួយអំពីការ កំណត់ «សកម្មភាពជាក់លាក់មួយចំពោះប្រទេសចិន»។ ថ្លែងចេញពីទីក្រុងហ៊ីរ៉ូស៊ីម៉ា លោក មីសែល បានប្រាប់សន្និសីទសារព័ត៌មាន យ៉ាងដូច្នេះថា «សហភាពអឺរ៉ុប ចង់កាត់បន្ថយហានិភ័យនៃ ការពឹងផ្អែកជ្រុល និងធ្វើពិពិធកម្មដើម្បីដោះស្រាយការអនុវត្តគ្មានតម្លាភាព»។ លោក មីសែល បាន បន្ថែមថា «ទំនាក់ទំនងប្រកបដោយសិ្ថរភាព និងការស្ថាបនាជាមួយប្រទេសចិន គឺស្ថិតក្នុងផល ប្រយោជន៍ទៅវិញទៅមក។ ដោយសារតួនាទីនៅក្នុងសហគមន៍អន្តរជាតិ និងទំហំនៃសេដ្ឋកិច្ច ចិន មានទំនួលខុសត្រូវពិសេសនៅក្នុងពិភពលោក ហើយត្រូវតែដើរតាមច្បាប់អន្តរជាតិ»