(ណៃពិដោ)៖ តាមការដកស្រង់ចេញផ្សាយពីសារព័ត៌មាន Nikkei Asia នៅថ្ងៃព្រហស្បតិ៍ ទី១៨ ខែឧសភា ឆ្នាំ២០២៣ អោយដឹងថា អ្នកជំនាញម្នាក់របស់អង្គការសហប្រជាជាតិ បានឱ្យដឹងថា យោធាមីយ៉ាន់ម៉ា បាននាំចូលអាវុធមានទំហំទឹកប្រាក់ ១ពាន់លានដុល្លារ ចាប់តាំងពីពួកគេ បានធ្វើ រដ្ឋប្រហារកាលពីខែកុម្ភៈ ឆ្នាំ២០២១មក បើទោះជាមានការដាក់ទណ្ឌកម្ម និងភស្តុតាងជាច្រើន បញ្ជាក់ពីការទទួលខុសត្រូវរបស់របបសឹកលើអំពើឃោរឃៅ ជាច្រើនក៏ដោយ។
លោក Tom Andrews ជាអ្នករាយការណ៍ពិសេស UN ស្ដីពីស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេស មីយ៉ាន់ម៉ា បានបញ្ជាក់នៅក្នុងរបាយការណ៍មួយចេញផ្សាយនៅថ្ងៃពុធ សប្ដាហ៍នេះ ក្នុងទីក្រុងញូវ យ៉ក ទៀតថាភាគច្រើននៃអាវុធដែលយោធាមីយ៉ាន់ម៉ា បាននាំចូល គឺមានប្រភពមកពីរុស្ស៉ី ចិន និងបណ្ដាក្រុមហ៊ុនមួយចំនួនក្នុងប្រទេស សិង្ហបុរី។ បន្ថែមពីលើនេះ បើតាមអ្នកជំនាញរូបនេះដដែល ការនាំចេញនេះគឺគ្របដណ្ដប់លើអាវុធ បច្ចេកវិទ្យា និងសម្ភារៈដែលអាចប្រើប្រាស់បានទាំងស៊ីវិល និងយោធា ដើម្បីផលិតអាវុធ ដែលត្រូវបាននាំចេញទៅកាន់មីយ៉ាន់ម៉ា ចាប់តាំងពីផ្ទុះរដ្ឋប្រហារ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ រហូតដល់ខែធ្នូ ឆ្នាំ២០២២។
សូមបញ្ជាក់ថា បើតាមរបាយការណ៍ខាងលើរបស់ UN អាវុធ និងបរិក្ខារយោធា ដែលយោធា មីយ៉ាន់ម៉ានាំចូលពីរុស្ស៉ី មានទំហំទឹកប្រាក់ ៤០៦លានដុល្លារ, នាំចូលពី ចិនមានទំហំ ២៥៤លាន ដុល្លារ និងពីក្រុមហ៊ុនមួយចំនួនក្នុងប្រទេសសិង្ហបុរី ២៥៤លានដុល្លារ ខណៈការនាំចូលអាវុធ នេះក៏មានប្រភពមកពីក្រុមហ៊ុនក្នុង ប្រទេសឥណ្ឌា ក្នុងទំហំទឹកប្រាក់ ៥១លានដុល្លារ និងថៃ ២៨លានដុល្លារ៕