(ភ្នំពេញ)៖ ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតពេទ្យ បញ្ចប់ការសិក្សាពីសាកលវិទ្យាល័យវិទ្យា សាស្ត្រសុខាភិបាលចំនួន ១,៣៩៦នាក់ នៅសណ្ឋាគារសុខាភ្នំពេញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការសម្រេចចិត្តរបស់សម្តេចដែលមិនឱ្យយកលុយក្នុងព្រឹត្តិ ការណ៍ប្រកួតស៊ីហ្គេម គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវមួយ ព្រោះលុយអាចចាយអស់ តែកិត្តិយសនិង កេរ្តិ៍ឈ្មោះរបស់ជាតិគឺចាយមិនអស់ឡើយ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «ខ្ញុំគិតថាខ្ញុំសម្រេចចិត្តត្រូវ សម្រេចចិត្តត្រូវត្រង់ថា យើងធ្វើជាម្ចាស់ផ្ទះដោយការទទួលខុសត្រូវ ហើយដោយក្នុងនោះចាប់ផ្តើមយកគំនិតផ្តួចផ្តើមស្តីពី សមាហរណកម្មអាស៊ានមួយផ្នែកចូលមក តាមរយៈនៃការមិនបង់ថ្លៃ លុយអាចចាយអស់ ក៏ប៉ុន្តែ កេរ្តិ៍ឈ្មោះនិងកិត្តិយសជាតិចាយមិនអស់ទេ»។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា ក្នុងឋានៈជាសមាជិកអាស៊ាន ជាមេដឹកនាំនៃប្រទេស អាស៊ានមួយ គឺត្រូវមានគំនិតផ្តួចផ្តើមលើបញ្ហាផ្សេងៗ ក្នុងនោះក៏មានគំនិតផ្តួចផ្តើមទាក់ទងនឹង វិស័យកីឡា ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ និងបានធ្វើសកម្មភាពមុនដើម្បីជាការពង្រឹងនូវសាមគ្គី ភាពក្នុងចំណោមប្រជាជនអាស៊ាន។
សម្តេចតេជោ បានបន្ថែមថា កម្ពុជាបានចាយថវិកាថែមតែ ៧លានដុល្លារតែប៉ុណ្ណោះ សម្រាប់ ចំណាយលើការស្នាក់នៅរបស់កីឡាករ កីឡាការិនី និងការទទួលទានផ្សេងៗ តែកម្ពុជាបានមកវិញ នូវការរាប់អានមិត្តភក្តិ ក្នុងចំណោមអាស៊ាន។
សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងទៀតថា កម្ពុជាបានឆ្លងផុតនូវដំណាក់កាលនៃការរៀបចំស៊ី ហ្គេមនេះ ប្រកបដោយការទទួលខុសត្រូវ នឹងពុំមានអ្នកណាមួយមានគ្រោះថ្នាក់កើតឡើងដល់ ជីវិតនៅក្នុងប្រទេសកម្ពុជានោះទេ ហើយវាជារឿងល្អមួយសម្រាប់ប្រទេសកម្ពុជា។ តាមរយៈការរៀបចំព្រឹត្តិការស៊ីហ្គេមនេះ បានធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជា បានបន្សល់ទុក មិនមែនគ្រាន់តែមួយថ្ងៃ ពីរថ្ងៃ មួយឆ្នាំ ពីរឆ្នាំនោះទេ គឺបានបន្សល់ទុក ១០០ឆ្នាំតទៅមុខទៀត សម្រាប់កិត្តិយសរបស់កម្ពុជា។
សូមបញ្ជាក់ដែរថា បើតាមសម្តេចពិជ័យសេនា ទៀ បាញ់ ប្រធានគណៈកម្មាធិការជាតិរៀបចំការ ប្រកួតកីឡាស៉ីហ្គេម លើកទី៣២ (CAMSOC) ធ្លាប់បានឲ្យដឹងថា កម្ពុជាគ្រោងចំណាយ ១១៨ លានដុល្លារសម្រាប់ការរៀបចំស៉ីហ្គេម។ ការចំណាយនេះមិនទាន់គិតដល់ការរៀបចំហេដ្ឋារចនា សម្ព័ន្ធឡើយ។
ក្នុងការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមនេះ កម្ពុជាអនុញ្ញាតឱ្យចូលទស្សនាការប្រកួត មិនមានការលក់សំបុត្រ នោះទេ ពោលគឺផ្តល់សំបុត្រចូលទស្សនាដោយមិនគិតថ្លៃ សម្រាប់ប្រជាពលរដ្ឋ និងបរទេស ដើម្បី ទទួលបានសប្បាយរីករាយ។ បន្ថែមពីនេះ កម្ពុជាបានរ៉ាប់រងក្នុងការចំណាយសម្រាប់ការស្នាក់នៅ និងហូបចុកផ្សេងៗសម្រាប់កីឡាករ និងប្រតិភូកីឡាប្រទេសនានា ដែលមកចូលរួមថែមទៀត៕