(ភ្នំពេញ)៖ ថ្លែងនៅចំពោះមុខនិស្សិតពេទ្យបញ្ចប់ការសិក្សាជាង១ពាន់នាក់, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានក្រើនរំលឹកក្រុមគ្រូពេទ្យទាំងអស់ទើបបញ្ចប់ការសិក្សា និងទទួល សញ្ញាបត្រ ត្រូវរក្សាកិត្តិនាម «ទ័ពអាវស» តាមរយៈការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈជាគ្រូពេទ្យ និងត្រូវខិតខំសិក្សាបន្ថែមទៀត ដើម្បីឆ្លើយតបនឹងការវិវត្តន៍ថ្មីនៃជំងឺផ្សេងៗ។
ការក្រើនរំលឹកបែបនេះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេច បានអញ្ជើញជាអធិបតីភាពប្រគល់សញ្ញាបត្រ ជូននិស្សិតពេទ្យចំនួន ១,៣៩៦នាក់ នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣នេះ។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា នៅក្នុងដំណាក់ការរាតត្បាតជំងឺកូវីដ១៩ ក្រុមគ្រូពេទ្យ ដែលកាលពីមុនដែលធ្លាប់ត្រូវការគេប្រមាថ ក៏បានក្លាយខ្លួនទៅជា «កងទ័ពអាវស» ក្នុងបរិបទ ប្រយុទ្ធនឹងជំងឺកូវីដ១៩។
សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកយ៉ាងដូច្នេះថា៖ «អីឡូវខ្ញុំរំពឹងទុកថា និស្សិតដែលទទួល សញ្ញាបត្រនៅថ្ងៃនេះដែលនឹងក្លាយជាគ្រូពេទ្យ សូមរក្សាកិត្តិនាម កេរ្តិ៍ឈ្មោះជាកងទ័ពអាវស តទៅ ទៀតតាមរយៈនៃការពង្រឹងក្រមសីលធម៌ វិជ្ជាជីវៈឱ្យបានល្អ គ្មានវិធីណាល្អជាងហ្នឹងទេ…!»។
បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន បានបន្តថា វិធីសាស្ត្រ បច្ចេកទេសល្អ ប៉ុន្តែបើគ្មានក្រម សីលធម៌ គ្រប់គ្រងវាទេ វិទ្យាសាស្ត្រ បច្ចេកទេស គឺវានាំទៅដល់ការគ្រោះថ្នាក់បន្ថែមទៀត។
សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងជាឧទាហរណ៍ បុគ្គលខ្លះទទួលបានការបណ្តុះបណ្តាល ផ្នែកឱសថសាស្ត្រ ប៉ុន្តែ បែរមិនគិតពីការស្រាវជ្រាវផលិតថ្នាំ ដើម្បីព្យាបាលជំងឺ បែរជាទៅស្រាវ ជ្រាវផលិតគ្រឿងញៀនទៅវិញ។
ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញក្តីសង្ឃឹមថា ក្រុមគ្រូពេទ្យរបស់កម្ពុជាគ្រប់ រូបនឹងខិតខំពង្រឹងនូវក្រមសីលធម៌ វិជ្ជាជីវៈ ដើម្បីបម្រើឱ្យសេចក្តីត្រូវការរបស់ប្រជាជន។ បន្ថែមពីនេះនិស្សិតជយលាភីដែលទទួលសញ្ញាបត្រនៅថ្ងៃនេះត្រូវបន្តការខិតខំបន្តទៅទៀតលើការពង្រឹងជំនាញបច្ចេកទេស ពីព្រោះ១ថ្ងៃ ទៅ១ថ្ងៃ បច្ចេកទេសផ្នែកវេជ្ជសាស្ត្រចេះតែកើតឡើង ដែល ទាមទារឱ្យក្រុមគ្រូពេទ្យទាំងអស់ សិក្សាឱ្យទាន់សភាពការណ៍នៃជំងឺដែលចេះតែវិវត្តន៍ថ្មីជាលំដាប់។
សម្តេចតេជោ ហ៊ុន សែន ក៏បានក្តីសប្បាយរីករាយជាមួយនឹងការភាពរីកចម្រើនផ្នែកវិស័យសុខា ភិបាលនៅកម្ពុជា និងអបអរសាទរ ចំពោះនិស្សិតជយលាភីដែលទទួលសញ្ញាបត្រគ្រប់កម្រិតទាំង អស់ដែលមានជំនាញលើផ្នែកសុខាភិបាល។
ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណគ្រូពេទ្យទទួលសញ្ញាបត្រនៅថ្ងៃ នេះ បានស្ម័គ្រចិត្តចូលរួមធ្វើសកម្មភាពប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ កាលពីពេលកន្លងទៅ។ កម្ពុជា ជាប្រទេសមួយដែលមិត្តភក្តិបរទេសបានបញ្ជូនមនុស្សមកដកពិសោធន៍។ មិនត្រឹមតែវិស័យ សុខាភិបាលនោះទេ គឺមានវិស័យជាច្រើនទៀត៕