ការនាំចេញផ្លែស្រកានាគរបស់វៀតណាមបន្តធ្លាក់ចុះក្នុងគ្រាមានការប្រកួតប្រជែងខ្លាំង

 (ហូជីមិញ)៖  យោងតាមកាសែត VN Express របស់វៀតណាម បានបញ្ជាក់ប្រាប់អោយដឹងថាក្រុមហ៊ុននាំចេញផ្លែស្រកានាគរបស់វៀតណាមត្រូវបានរំពឹងថានឹងជួបការលំបាកនៅឆ្នាំនេះ ខណៈដែលប្រទេសជាច្រើនបានដាំផ្លែឈើប្រភេទនេះ និងធ្វើឱ្យទីផ្សារអន្តរជាតិប្រកួតប្រជែងកាន់ តែខ្លាំង។ កាសែត VN Express បានរាយការណ៍ថា បើយោងតាមអគ្គនាយកដ្ឋានគយវៀតណាម ការនាំចេញរបស់វៀតណាមបានធ្លាក់ចុះចាប់តាំងពីឆ្នាំ២០១៩មក។

នៅឆ្នាំ២០២១ និង២០២២ ការនាំចេញផ្លែស្រការនាគមិនបាននាំយកទឹកប្រាក់រាប់ពាន់លានដុល្លារ ដូចធ្លាប់ទទួលបានកន្លងមកទេ។ ការនាំចេញផ្លែស្រកានាគកាលពីឆ្នាំមុនមានតម្លៃត្រឹមតែ ៦៣២ លានដុល្លារប៉ុណ្ណោះ ធ្លាក់ចុះ ៣៩% ធៀបនឹងឆ្នាំ២០២១ និងធ្លាក់ចុះ ៤៩% ធៀបនឹងបរិមាណខ្ពស់ បំផុតក្នុងឆ្នាំ២០១៩។

យោងតាមកាសែត VN Express ក្នុងរយៈពេលពីរខែដំបូងក្នុងឆ្នាំនេះ ការនាំចេញមានតម្លៃត្រឹមតែ ១០៦លានដុល្លារប៉ុណ្ណោះ ពោលគឺធ្លាក់ចុះ ២៦,៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាល ពីឆ្នាំមុន។ពាណិជ្ជករវៀតណាមម្នាក់ឈ្មោះ Hoa នៅខេត្តប៊ិញធួន (Binh Thuan) បាននិយាយថា ចាប់តាំងពីខែមករាមក ការនាំចេញមានការថយចុះ។ អ្នកស្រីបានមានប្រសាសន៍ថា៖ «យើងធ្លាប់នាំចេញរាប់សិបតោនក្នុងមួយថ្ងៃ ប៉ុន្តែឥឡូវនេះមានតែ ពាក់កណ្តាលប៉ុណ្ណោះ»

វៀតណាមនាំចេញផ្លែស្រកានាគទៅកាន់ជាង ១៥ប្រទេស និងដែនដី រួមទាំងទៅកាន់ទីផ្សារនានា ដែលកំណត់ស្តង់ដារគុណភាពខ្ពស់សម្រាប់ការនាំចូលដូចជា សហរដ្ឋអាមេរិក ជប៉ុន កូរ៉េខាងត្បូង ណូវែលសេឡង់ និងអូស្ត្រាលីជាដើម។

វៀតណាមធ្លាប់មានចំណែក ៨០% ទៅ ៩០% នៃការនាំចេញទូទាំងពិភពលោកកាលពីអតីតកាល ប៉ុន្តែដោយសារប្រទេសជាច្រើនចាប់ផ្តើមដាំផ្លែឈើប្រភេទនេះ និងនាំចេញដែរនោះ ការប្រកួត ប្រជែងកាន់តែខ្លាំងក្លា ដែលបណ្តាលឱ្យចំណែកទីផ្សារនាំចេញរបស់វៀតណាមធ្លាក់ចុះយ៉ាងខ្លាំង។

លោក Nguyen Dinh Tung នាយកប្រតិបត្តិក្រុមហ៊ុន Vina T&T Import and Export Company បាននិយាយថា ប្រទេសចិនឥឡូវនេះកំពុងដាំដុះផ្លែស្រកានាគដែរ ដូច្នេះហើយប្រទេសនេះមិន នាំចូលពីប្រទេសផ្សេងទៀតទេ រួមទាំងពីវៀតណាមផងដែរ សូម្បីតែបន្ទាប់ពីបើកដំណើរការឡើង វិញ ក៏ចិនមិននាំចូលដែរ។

នៅចុងខែកុម្ភៈ ប្រទេសចិនបានប្រកាសថា ខ្លួនបានប្រមូលផលផ្លែស្រកានាគចំនួន ១,៦លានតោន ដែលច្រើនជាងទិន្នផលរបស់វៀតណាមចំនួន ២សែនតោន និងជិតបំពេញតម្រូវការប្រចាំឆ្នាំរបស់ ប្រទេសនេះដែលមានចំនួន ២លានតោន។
ឥណ្ឌាក៏បានដាំផ្លែឈើប្រភេទនេះដោយជោគជ័យដែរ។ ម៉ិកស៊ិកបានក្លាយជាគូប្រជែងមួយផ្សេង ទៀតដោយដណ្តើមយកចំណែកនៃការនាំចេញរបស់វៀតណាមទៅកាន់ទីផ្សារសំខាន់ៗដូចជាសហរដ្ឋអាមេរិក និងកាណាដាជាដើម។ នេះបើយោងតាមកាសែត VN Express៕