(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានប្រកាសសូមការអភ័យទោស ចំពោះក្រុមការងារពាក់ព័ន្ធជួយគណៈកម្មាធិការ ជាតិ CAMSOC និងរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ក៏ដូចជាប្រជាពលរដ្ឋទាំអស់ ជុំវិញការផ្ដល់បណ្ណចូលទស្សនាពិធីបិទការប្រកួតជាផ្លូវការ នាល្ងាចថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នេះ ដោយសារចំនួនកៅអីមានកំណត់ ពុំអាចផ្ដល់ជូនបានគ្រប់ៗគ្នា ។មន្ដ្រីជាន់ខ្ពស់គណៈកម្មាធិការ ជាតិ CAMSOC បានគូសបញ្ជាក់ថា ដោយសារកៅអីក្នុងវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតក តេជោ មានកំណត់ ហើយការរៀបចំពិធីបិទជាផ្លូវការ ផ្អែកទៅលើសុវត្ថិភាព សន្ដិសុខ សណ្ដាប់ធ្នាប់ ដូច្នេះគណៈកម្មាធិការជាតិ CAMSOC សូមការយោគយល់អធ្យាស្រ័យ ដូចខាងក្រោម៖
ទី១- គណៈកម្មាធិការជាតិ CAMSOC សូមឲ្យអ្នកមិនមានសំបុត្រ អញ្ជើញមកលេងកម្សាន្ដ ក៏ដូច ជាទស្សនាការផ្សាយបន្ដផ្ទាល់លើស្លាយ(LED) នៅបរិវេណខាងក្រៅ វិមានកីឡដ្ឋាន នៃពហុកីឡ ដ្ឋានជាតិមរតកតេជោ
ទី២- សូមអភ័យទោស ចំពោះភាគីពាក់ព័ន្ធ ក៏ដូចជាអ្នកស្ម័គ្រចិត្ត និងអ្នកបម្រើការទាំងអស់ ដែល ជួយបម្រើសេវាគ្រប់បែបយ៉ាង កំឡុងដំណើរការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដោយសារគណៈ កម្មការបានកំណត់ចំនួនចូលរួម មិនអាចផ្ដល់ជូនបានទាំងអស់គ្នា ។ តាមរយៈនេះ គណៈកម្មាធិការ ជាតិ CAMSOC បានសូមការអភ័យទោស និងយោគយល់ ចំពោះការពុំបានផ្ដល់ជូនគ្រប់ៗគ្នា ។
សម្រាប់ពិធិបិទផ្លូវការ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នាល្ងាចថ្ងៃទី១៧ ខែឧសភានេះ នឹងប្រារព្ធរៀបចំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ ប្រតិភូ និង អត្តពលិកគ្រប់បណ្ដាប្រទេសអាស៊ីអាគ្នេយ៍ ។
សូមរំឮកថា សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានចេញមកសូមការយោគយល់ និងអធ្យាស្រ័យពី សំណាក់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងសំបុត្រចូលរួមពិធីបើក-បិទព្រឹត្តិការណ៍ស៊ីហ្គេមម្ដងរួចមកហើយ មុនពិធីបើកផ្លូវការ កាលពីថ្ងៃទី៥ ខែឧសភាកន្លងទៅ ដោយសារចំនួនកៅអីមានកំណត់ តែអ្នកចង់ ចូលរួមច្រើនលើសលប់ ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ខ្ញុំព្រះករុណា ខ្ញុំ សូមបញ្ជាក់ថា យើងគ្មានជម្រើ សឲ្យល្អជាងនេះទៀតទេ។ ទីធ្លាយើង មានត្រឹមប៉ុណ្ណឹង កន្លែងយើងតូច ប៉ុន្តែមនុស្សចូលមើលច្រើន។ កន្លែងយើងតូច តែមនុស្សចង់ចូលរួមមានច្រើន។ ដូច្នេះយើងមិនអាចបំពេញចិត្តមនុស្សគ្រប់គ្នា បានទេ»។
សម្តេចតេជោបន្ថែមថា «ខ្ញុំព្រះករុណា ខ្ញុំ សូមចិត្តបងប្អូនយោគយល់ចំពោះការលំបាកមួយនេះ ដែលរាជរដ្ឋាភិបាលគ្មានលទ្ធភាពនឹងដោះស្រាយនោះទេ។ អ្នកដែលទទួលបាន គឺសប្បាយចិត្ត អ្នកមិនបានទទួល មិនសប្បាយចិត្ត»។
សម្តេចតេជោ ហ៊ុន សែន សូមឲ្យប្រជាពលរដ្ឋខ្មែរបញ្ឈប់ការវាយប្រហារលើអ្នករៀបចំ ពាក់ព័ន្ធនឹង បញ្ហាសំបុត្រនេះ ព្រោះជាកាធ្វើឲ្យប៉ះពាល់ដល់ទឹកចិត្ត ដែលពួកគេខិតខំរៀបចំព្រឹត្តិការណ៍ជាកិត្តិ យសរបស់ជាតិនេះ៕