(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការអភិវឌ្ឍតំបន់មិនរៀបរយនៅតាមប្រឡាយស្ទឹងមាន ជ័យ ឲ្យក្លាយទៅជាតំបន់រៀបរយ ដោយផ្ទះសំបែងប្រជាពលរដ្ឋមានប្លង់កម្មសិទ្ធិស្របច្បាប់ ជាមួយ និងការរស់នៅប្រកបដោយអនាម័យ និងបរិស្ថានល្អ ហើយនៅក្រោមស្ពានស្ទឹងមានជ័យ ក៏មាន ការអភិវឌ្ឍផងដែរ ដោយមានទាំងសួនកុមារ និងសួនច្បារសាធារណៈ សម្រាប់ឲ្យបងប្អូនប្រជាពល រដ្ឋ បានហាត់ប្រាណ ដើម្បីសុខភាពថែមទៀតផង។
នេះជាការលើកឡើងរបស់ឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ខណៈដែលលោក អញ្ជើញជាតំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើ ប្រាស់ជាផ្លូវការ ហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងក្របខណ្ឌនៃគម្រោងហិរញ្ញប្បទានរួម រវាងសមាគម AIMF សហភាពអឺរ៉ុប រដ្ឋបាលរដ្ឋធានីប៉ារីស និងរដ្ឋបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣នេះ នៅតាមប្រឡាយស្ទឹងមានន័យ និងនៅសួនច្បារក្រោមស្ពានអាកាសស្ទឹង មានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។
ពីធីនេះក៏មានការចូលរួមពីលោកស្រី អារីយ៉ាណា អាដេហ្ស៊ី (Arianna ARDESI) ទីប្រឹក្សា និង ជាលេខាធិការរងអចិន្ត្រៃយ៍ទទួលបន្ទុក កម្មវិធីសហប្រតិបត្តិការ និងលោកប៉ូ ដេវីដ រ៉េញនីញ៉េ ប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ នៃរដ្ឋធានីប៉ារីសផងដែរ។
ឯកឧត្តម នួន ផារ័ត្ន បានលើកឡើងថា ស្ទឹងមានជ័យ ពីដើមឡើយជាតំបន់មិនរៀបរយ តែក្រោយ ពីរដ្ឋបាលរាជធានីភ្នំពេញ សូមគោលការណ៍ទៅរាជរដ្ឋាភិបាល យើងបានអភិវឌ្ឍន៍ប្រឡាយស្ទឹង មានជ័យនេះ ពីតំបន់មិនត្រៀមរយ មកជាតំបន់រៀបរយ ដោយរដ្ឋបាលរាជធានីភ្នំពេញ ក្រោមការ ចង្អុលណែនាំពីសម្ដេចតេជោ ហ៊ុន សែន បានប្រគល់កម្មសិទ្ធិដីធ្លីស្របច្បាប់ជូនប្រជាពលរដ្ឋរាប់រយ គ្រួសារ នៅតាមដងប្រឡាយនេះ ដែលធ្វើឲ្យតំបន់នេះ ក្លាយជាតំបន់ដែលមានផាសុកភាព មាន អនាម័យ បរិស្ថានល្អ មានផ្លូវធ្វើដំណើរ ងាយស្រួលផងដែរ។
ប៉ុន្តែទោះបីជាយ៉ាងណាក្តី ឯកឧត្តម នួន ផារ័ត្ន បានអំពាវនាវឲ្យប្រជាពលរដ្ឋ ធ្វើយ៉ាងណាកុំរំលោភ ចំណីផ្លូវថ្មើជើង តាមដងប្រឡាយ និងកុំលក់ដូរ នៅក្រោមស្ពានអាកាស្ទឹងមានជ័យ ដែលធ្វើឲ្យប៉ះ ពាល់សណ្តាប់ធ្នាប់សាធារណៈ និងប៉ះពាល់ដល់សោភណ្ឌភាពរាជធានីភ្នំពេញ។
លោក ប៉ូ ដេវីដ រ៉េញនីញ៉េ ក៏បានលើកឡើងដែរថា លោកពិតជារីករាយជាមួយនឹងគម្រោងដែល បានធ្វើឡើងនៅក្នុងរាជធានីភ្នំពេញ។ គម្រោងនេះទោះបីតូចក៏ពិតមែន ប៉ុន្តែវាមានអត្ថន័យធំធេង និងជាគម្រោងគំរូ សម្រាប់យកទៅអនុវត្តទៅតាមបណ្ដាលប្រទេសផ្សេងទៀត។
គួរបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងក្របខណ្ឌនៃគម្រោងហិរញ្ញប្បទានរួម រវាងសមាគម AIMF សហភាពអឺរ៉ុប រដ្ឋបាលរដ្ឋធានីប៉ារីស និងរដ្ឋបាលរាជធានីភ្នំពេញ ដែលសម្ពោធដាក់ឲ្យប្រើប្រាស់ជា ផ្លូវការនារសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣នេះ រួមមាន៖ មណ្ឌលសហគមន៍ ដែលមានជាន់ ផ្ទាល់ដី និងជាន់ទី១ មានបន្ទប់សិក្សារបស់កុមារ ផ្ទះបាយ ការិយាល័យ បន្ទប់ទឹក បុរស នារី និង ទីធ្លាសម្រាប់ប្រជុំ ជាមួយបន្ទប់ពិនិត្យសុខភាព និងការសម្ពោធដាក់ឲ្យប្រើប្រាស់សួនកុមារ និង សួនច្បារសាធារណៈ សម្រាប់ឲ្យប្រជាពលរដ្ឋ បានហាត់ប្រាណ នៅក្រោមស្ពានស្ទឹងមានជ័យនេះ៕