រដ្ឋមន្ត្រីការពារជាតិអាមេរិក លើកឡើងថា សង្រ្គាមនៅអ៊ុយក្រែន កំពុងផ្ដល់មេរៀនសម្រាប់តៃវ៉ាន់


 (វ៉ាស៊ីនតោន)៖  តាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៧ ខែ ឧសភា ឆ្នាំ២០២៣ គឺ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ឡយដ៍ អូស្ទីន (Lloyd Austin) នៅថ្ងៃ អង្គារសប្ដាហ៍នេះបាននិយាយថាសង្រ្គាមរបស់អ៊ុយក្រែន ប្រឆាំងនឹងការឈ្លានពាន ពីសំណាក់រុស្ស៉ី បានផ្ដល់មេរៀនដល់តៃវ៉ាន់ដោយបង្ហាញពីរបៀបដែលប្រទេសតូច អាចការពារខ្លួនដោយជោគជ័យ ប្រឆាំងនឹងប្រទេសធំមួយ។

លោក អូស្ទីន ធ្វើការកត់សម្គាល់ខាងលើ ជាការឆ្លើយតបទៅនឹងសំណួររបស់សមាជិកព្រឹទ្ធសភាម្នាក់ ដែលបានសាកសួរពីយុទ្ធសាស្ត្រដើម្បីការពារតៃវ៉ាន់ ក្នុងករណីមាន ការវាយប្រហារណាមួយពីចិន។ ថ្លែងឱកាសនោះ រដ្ឋមន្ត្រីការពារជាតិអាមេរិករូបនេះបានសង្កត់ធ្ងន់ថា «យើងបានដកស្រង់មេរៀនសំខាន់ៗមួយចំនួនពីសង្រ្គាមរបស់អ៊ុយក្រែន ជាមួយរុស្ស៉ី…ហើយមេរៀនមួយក្នុងចំណោមមេរៀនទាំងនោះ គឺសមត្ថភាព និងយុទ្ធសាស្ត្រនៃសង្រ្គាមរវាងអំណាចយោធាមិនស្មើគ្នា ដែលប្រទេសតូចអាចការពារខ្លួនប្រឆាំង នឹងមហាអំណាចយោធាមួយ»