កោះកុង÷ យុទ្ធនាការអន្ទាក់សូន្យក្នុងខេត្តកោះកុង បានប្រារព្ធធ្វើនៅព្រឹកថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២៣ នៅសាលមហោស្រពខេត្តកោះកុង ក្រោមអធិបតី ភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខា ធិការ ក្រសួងបរិស្ថាន ដែលមានការចូលរួមយ៉ាងច្រើនកុះករ ពីស្ថាប័នរដ្ឋវិស័យឯកជន សង្គមស៊ីវិល សិក្សានុសិស្សនិងប្រជាពលរដ្ឋ ដើម្បីបញ្ចប់វិបត្តិអន្ទាក់នៅក្នុងតំបន់ការពារធម្មជាតិ និងបញ្ចប់ការជួញដូរសត្វព្រៃខុសច្បាប់នៅកម្ពុជា។
ថ្លែងក្នុងឱកាសបើកយុទ្ធនាការ “អន្ទាក់សូន្យខេត្តកោះកុង” លោកអភិបាលរង ខេត្ត បានលើកឡើងថា “បញ្ឈប់ការជួញ ដូរសត្វព្រៃ”ព្រៃឈើរបស់យើងបានដើរតួយ៉ាងសំខាន់ក្នុងការរក្សាស្ថិរភាព នៃអា កាសធាតុរបស់យើង និងជីវភាពរស់នៅរបស់ប្រជាសហគមន៍ ជុំវិញតំបន់ព្រៃ ឈើ។ ព្រៃរងទឹកភ្លៀងជា ជម្រករបស់សត្វព្រៃជាច្រើនប្រភេទ ជាពិសេសប្រភេទសត្វព្រៃដែលជិតផុតពូជ។ ការកាប់បំផ្លាញព្រៃឈើ និងដាក់អន្ទាក់ចាប់សត្វព្រៃ គឺជាការគំរាមកំហែងដល់តុល្យ ភាព នៃធម្មជាតិ អស់ជាច្រើនឆ្នាំមកហើយ។ ការសម្លាប់សត្វព្រៃយកសាច់មិនត្រឹមតែជាអំពើខុសច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏បង្កគ្រោះថ្នាក់ដល់សុខភាពយើងផងដែរ។ សាច់សត្វព្រៃអាចផ្ទុកវីរុស និងរោគជាច្រើន ដែលនាំឱ្យមានជំងឺធ្ងន់ធ្ងរ ឬស្លាប់បាន។
លោកអភិបាលរងខេត្តបន្ថែមថា ខេត្តកោះ កុងមានភាពល្បីល្បាញនិងទាក់ទាញព្រោះមានធម្មជាតិដ៏ស្រស់ស្អាត និងសត្វព្រៃកម្រៗជាច្រើនប្រភេទ ហើយខេត្តកោះកុងក៏ជាតំបន់ទេសចរណ៍ដ៏សំខាន់មួយ ពោលគឺសំបូរទៅដោយតំបន់អេកូ-ទេសចរណ៍ជាច្រើនកន្លែង ដែលកត្តានេះហើយបានធ្វើឱ្យជីវភាពកាន់តែប្រសើរសម្រាប់សហគមន៍ជុំវិញតំបន់ការពារ។ ដូច្នេះយើងមានកាតព្វកិច្ចការពារសត្វព្រៃ និងព្រៃឈើទាំងនេះ។
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍ថា ៉យុទ្ធនាការអន្ទាក់សូន្យ ដំណាក់កាលទី2 ដែលកំពុងប្រព្រឹត្តនាពេលនេះ នៅខេត្ត កោះកុង ដែលជាលេខទី ៩ ហើយ បន្ទាប់ពីធ្វើនៅខេត្តកំពង់ស្ពឺ។ ដើម្បីបំផុសស្មារតីដល់សាធារណជនចូលរួមទប់ស្កាត់ និងរួមគ្នាការការពារ និងអភិរក្សធនធានធម្មជាតិ បញ្ចប់នៅវិបត្តិអន្ទាក់គ្រប់ប្រភេទនៅក្នុងតំបន់ការពារធម្មជាតិនៅកម្ពុជា និងបញ្ឈប់មិនមានការជួញដូរសត្វព្រៃខុសច្បាប់ រួមបង្កើតសុវត្ថិភាពទី ជម្រកសត្វព្រៃ រួមទាំងការរស់រានមាន ជីវិតរបស់សត្វព្រៃ”។
ជាមួយគ្នានេះ ឯកឧត្តម រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ បញ្ឈប់ការលក់-ទិញ និងការបរិភោគសាច់សត្វព្រៃ ព្រោះសកម្មភាពទាំងនេះសុទ្ធតែប៉ះពាល់ដល់សត្វព្រៃ និងជីវចម្រុះរបស់កម្ពុជា
ជាងនេះទៅទៀត ការបរិភោគសាច់សត្វព្រៃ វាផ្ដល់ហានិភ័យខ្ពស់ណាស់ដល់សុខភាពរបស់យើង ព្រោះថា ឈាមឬសាច់សត្វព្រៃវាសម្បូរដោយមេរោគ ដែលមិនអាចមើលឃើញ ហើយសាច់សត្វព្រៃក៏មិនអាចព្យាបាលជំងឺនានាបានដែរ។
សូមបញ្ជាក់ថា បន្ទាប់ពីបញ្ចប់សន្និសិទ្ធសារព័ត៌មានកាលពីថ្ងៃទី១៥ ខែឧសភា ២០២៣ នៅថ្ងៃបន្ទាប់យុទ្ធនាការនេះ មានការសម្តៃងផ្សេងៗ ដោយមន្ត្រីនៃមន្ទីរវប្បធម៌ នឹងវិចិត្រសិល្ប:ខេត្តកោះកុង និងការដាក់បង្ហាញឧបករណ៍ និងវត្ថុ ដូចជារណាយន្ត អន្ទាក់គ្រប់ប្រភេទ កាំភ្លើងកែច្នៃ និងមានក្បួនដង្ហែរតាមផ្លូវ ដើម្បីបំផុស ស្មារតីដល់សាធារណ:ជន ចូលរួមទប់ ស្កាត់ រួមគ្នាការពារ នឹងអភិរក្សទាំងអស់គ្នា ៕ ដោយ សេន ពិសិដ្ឋ