អ៊ុយក្រែន អបអរជោគជ័យនៃការវាយលុកជាលើកដំបូង ក្នុងទីក្រុងបាកមូត

(កៀវ)៖ យោធាអ៊ុយក្រែន នៅថ្ងៃចន្ទនេះបានអបអរសាទរចំពោះភាពរីកចម្រើននៅជុំវិញទីក្រុងបាកមូត ថាជាជ័យជម្នះជាលើកដំបូងនៃប្រតិបត្តិការវាយលុក របស់ខ្លួននៅលើសមរភូមិប្រឆាំងនឹងទាហានរុស្ស៉ី ដើម្បីគ្រប់គ្រងទីក្រុងភាគខាងកើតមួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៦ ខែឧសភា ឆ្នាំ២០២៣។

តែទោះជាយ៉ាងណាក៏ដោយ ទីក្រុងកៀវ នៅតែទទួលស្គាល់ថាស្ថានការណ៍ក្នុងទីក្រុងបាកមូត មានភាពលំបាក ខណៈទីក្រុងមូស្គូមិនបានផ្លាស់ប្ដូរគោលដៅ ក្នុងការវាយកាន់កាប់ទីក្រុងនេះនោះទេ ហើយថែមទាំងកំពុងបញ្ជូនកងទ័ពទៅកាន់ជាយទីក្រុងបាកមូតទៀតផង។ យោធាអ៊ុយក្រែន កាលពីសប្ដាហ៍មុន បានឱ្យដឹងថាខ្លួនចាប់ផ្ដើមវាយរុញច្រានទាហានរុស្ស៉ីឱ្យដកថយចេញពីទីតាំងមួយចំនួននៃទីក្រុងបាកមូត រីឯទីក្រុងមូស្គូក៏ទទួលស្គាល់ដែរថាទាហានរបស់ខ្លួន ពិតជាបានដកថយចេញពីភាគខាងជើងទីក្រុងនេះមែន។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយបង្ហោះលើបណ្ដាញ Telegram មេបញ្ជាការកងទ័ពជើងគោកអ៊ុយក្រែន លោកឧត្តមសេនីយ៍ អូឡិកសាន់ឌ័រ សៀស្គី (Oleksandr Syrskyi) បានគូសបញ្ជាក់ដូច្នេះថា «ភាពរីកចម្រើននៃកងទ័ពរបស់យើងនៅទីក្រុងបាកមូត គឺជាជោគជ័យជាលើកដំបូងនៃការវាយលុក នៅក្នុងការការពារទីក្រុងបាកមូត៕