(កោះកុង)៖ យោងតាមរូបភាព ថតបានដោយម៉ាស៊ីនថតស្វ័យប្រវត្តិ ដែលក្រុមការងារបានដាក់ចាំថត នៅលើឆ្នេរខ្សាច់នោះបានបង្ហាញថា មានអណ្ដើកមេជាច្រើនក្បាលបានឡើង ពីស្រះបង្កាត់ពូជ មកកាយខ្សាច់ទម្លាក់ពង។
តាមរបាយការណ៍បានឱ្យដឹងថា នៅខែឧសភា ឆ្នាំ២០២៣ មានកូនអណ្ដើកហ្លួងចំនួន ១២២ក្បាល បានញាស់ចេញ បើប្រៀបធៀបទៅនឹងរដូវពងកូន ឆ្នាំ២០២២ គឺញាស់បាន៣៥ក្បាល ក្នុងចំណោម៨១ពង នៃ៩សម្បុក និងឆ្នាំ២០២១ គឺញាស់បានតែមួយក្បាលគត់ក្នុងចណោមពងប្រាំសម្បុកដែលមាន ៧១ពង ហើយនេះគឺជាលើកទី៣ហើយ ដែលអណ្ដើកហ្លួងចិញ្ចឹមក្នុងមជ្ឈមណ្ឌលនេះបានពងកូន។
ក្នុងរដូវពងកូនឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលអភិរក្សសត្វស្មូនខេត្តកោះកុង បានរកឃើញពងអណ្ដើកហ្លួងចំនួន២១សម្បុក (ចាប់ពីថ្ងៃទី១៥ ខែមករា ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២) មានពង សរុប២៧២គ្រាប់ នៅលើឆ្នេរខ្សាច់សិប្បនិម្មិតក្បែរស្រះបង្កាត់ ក្នុងមជ្ឈមណ្ឌលអភិរក្សសត្វស្មូនខេត្តកោះកុង។
ការញាស់របស់កូនអណ្ដើកហ្លួងនេះ បង្ហាញឱ្យឃើញអំពីសារៈសំខាន់នៃការបង្កើតទីកន្លែងបង្កាត់ពូជ ប្រភេទសត្វរងគ្រោះជិតផុតពូជ នៅក្នុងប្រទេសដើមកំណើតដែលពួកវារស់នៅ។ អណ្ដើកជំទង់នៅក្នុងធម្មជាតិនៅកម្ពុជាមានំនួនតិចតួច ដូច្នេះការបង្កាត់ពូជអណ្ដើកនេះបន្ថែម នៅក្នុងមជ្ឈមណ្ឌលគឺជាជម្រើសដ៏ប្រសើរបំផុត ដោយយើងមិនត្រឹមតែធានា ដល់ការរស់រានរបស់វានៅក្នុងប្រទេសប៉ុណ្ណោះទេ គឺថែមទាំងបង្កើនចំនួនប្រភេទសត្វអណ្តើកហ្លួង នៅក្នុងទីជម្រកធម្មជាតិផងដែរ។
បើតាមលោក ថន ផុន អ្នកសម្របសម្រួលគម្រោងអណ្តើកហ្លួង និងក្រពើត្រីប្រចាំខេត្តកោះកុង បានឱ្យដឹងថា សម្រាប់ការបង្កាត់ពូជអណ្តើកហ្លួងនៅឆ្នាំ២០២៣ គឺមានភាពជោគជ័យដោយសារតែមានកូនណ្តើកហ្លួងចំនួន ១២២ក្បាល បានញាស់ដោយជោគជ័យ និងសង្ឃឹមថានៅឆ្នាំទៅមុខទៀតនឹងកូនអណ្តើកហ្លួងកើនឡើង២០០ក្បាល។
អ្នកជំនាញរូបនេះ ក៏បានបង្ហាញពីការព្រួយបារម្ភ ចំពោះកត្តាមួយចំនួនដែលគំរាមកំហែង ដល់ពពួកអណ្តើកហ្លួងនេះ នៅតាមដងព្រែកធម្មជាតិ ដោយសារតែមានការលួចប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់។ ជាពិសេសគឺស្បែមុងដែលបានធ្វើឱ្យអណ្តើកហ្លួងបានងាប់ជាច្រើនក្បាល ខណៈរយៈពេល៥ឆ្នាំចុងក្រោយនេះ មានអណ្តើកហ្លួងមិនក្រោម១០ក្បាល ហើយភាគច្រើនត្រូវបានងាប់ដោយសារជាប់មង។
ការនេសាទខុសច្បាប់ ការបាត់បង់ទីជម្រក ការធ្វើអាជីវកម្មខ្សាច់ និងការកាប់បំផ្លាញព្រៃលិចទឹកនៅតាមប្រព័ន្ធព្រែកស្រែអំបិល នៅក្នុងខេត្តកោះកុង និងខេត្តព្រះសីហនុ បានធ្វើឱ្យប៉ះពាល់ដល់ទីជម្រក និងការបង្កកំណើតរបស់សត្វអណ្តើកប្រភេទនេះ ដែលគេរកឃើញថាមានវត្តមានតែនៅក្នុងប្រព័ន្ធព្រែកស្រែអំបិល ស្ថិតនៅខេត្តកោះកុង និងខេត្តព្រះសីហនុ ក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ ដែលកំពុងតែប្រឈមទៅនឹងការវិនាសផុតពូជ។
ក្នុងឱកាសដឹកនាំក្រុមអ្នកសារព័ត៌មានចុះធ្វើទស្សនកិច្ច នៅលើឆ្នេរខ្សាច់សិប្បនិមិ្មត ក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនខេត្តកោះកុង នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ម្សិលមិញ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានកោតសសើរចំពោះគ្រប់ស្ថាប័នពាក់ព័ន្ធ ដែលបានចុះចូលការពារ និងអភិរក្សអណ្តើកហ្លួង ដែលជាប្រភេទសត្វកម្រជិតផុតពូជ នៅក្នុងប្រទេសកម្ពុជា។
អ្នកនាំពាក្យរូបនេះ បានរំលឹកឡើងថា ពីដំបូងសត្វអណ្តើកហ្លួង ត្រូវបានគេជឿថាបានបាត់វត្តមាននៅក្នុងប្រទេសកម្ពុជាទៅហើយ ប៉ុន្តែ នៅឆ្នាំ២០០០ អណ្តើកហ្លួងត្រូវបានរកឃើញឡើងវិញ រហូតត្រូវបានអ្នកជំនាញយកអណ្តើកហ្លួងនេះដើម្បីបង្កាត់ និងលែងទៅក្នុងព្រែកធម្មជាតិវិញ។
ជាមួយនឹងការខិតខំបង្កើនចំនួនវត្តមានសត្វអណ្តើកហ្លួងនេះ, លោក នេត្រ ភក្ត្រា បានអំពាវនាវដល់ប្រជាពលរដ្ឋ និងប្រជានេសាទទាំងអស់ សូមមេត្តាចូលរួមការពារ និងអភិរក្សប្រភេទសត្វអណ្តើកហ្លួងនេះ ពីព្រោះសត្វអណ្តើកហ្លួងនេះមានតម្លៃខ្លាំងណាស់ ខណៈនៅលើពិភពលោកគឺមានប្រទេសតែ៣ប៉ុណ្ណោះ ដែលមានវត្តមានសត្វអណ្តើកហ្លួង គឺប្រទេសកម្ពុជា, ឥណ្ឌូនេស៉ី និងប្រទេសម៉ាឡេស៉ី។
អណ្តើកហ្លួង ជាប្រភេទល្មូនដែលស្ថិតក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិ ដើម្បីការអភិរក្សធម្មជាតិ ហៅកាត់ IUCN ជាប្រភេទរងគ្រោះថ្នាក់ជិតផុតពូជ ក្នុងចំណោមអណ្តើកទាំង២៥ប្រភេទ ដែលកំពុងរងគ្រោះថ្នាក់ខ្លាំងជាងគេនៅលើភពលោក។
អណ្ដើកប្រភេទកម្រនេះ ត្រូវបានរងការគម្រាមគំហែងដោយការកាប់បំផ្លាញព្រៃលិចទឹក ការនេសាទខុសច្បាប់ដូចជា ការប្រើប្រាស់ឧបករណ៍ឆក់ត្រី ការដាក់សន្ទូច ឧបករណ៍ហាមឃាត់នានា ការនេសាទក្នុងតំបន់ហាមឃាត់ ជាដើម ជាពិសេសការបូមខ្សាច់បានបំផ្លាញទីតាំងសម្រាប់អណ្ដើកហ្លួងពងកូន ដែលធ្វើឱ្យចំនួនអណ្ដើកហ្លួងកាន់តែថយចុះយ៉ាងខ្លាំង ដែលអាចឈានដល់ផុតពូជនាពេលខាងមុខ បើមិនមានការការពារត្រឹមត្រូវ។
តាមឯកសារបង្ហាញថា អណ្តើកហ្លួង គឺជាប្រភេទឧរង្គសត្វ ដែលត្រូវបានចាត់ទុកជានិមិត្តរូបតំណាងឱ្យសត្វប្រចាំប្រទេសកម្ពុជា តាម រយៈនៃការទទួលស្គាល់ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥។
ក្នុងឯកសារក៏បញ្ជាក់ដែរថា «ការដាក់បញ្ចូលអណ្តើកហ្លួង ជាសត្វនិមិត្តរូបតំណាងឱ្យជាតិនោះ គឺដោយសារតែអណ្តើកហ្លួង ជាប្រភេទ សត្វដ៏កម្រ និងជាសត្វប្រឈមនឹងការប្រមាញ់ស្ទើរតែផុតពូជ។ មិនតែប៉ុណ្ណោះ ដើម្បីចង់បង្ហាញពីមរតកធម្មជាតិដ៏មានតម្លៃ និងលើកតម្កើងនូវមោទនភាពជាតិផងដែរ»៕