កោះកុង÷ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យនៃក្រ សួងបរិស្ថាននៅអំឡុងពេលនៃសន្និសីទសារព័ត៌មាន នៅរសៀល ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ក្នុងអំឡុងពេលនៃសន្និសីទសារព័ត៌មានស្តីពីអន្ទាក់សូន្យ នៅខេត្តកោះកុង ឯកឧត្តមបានថ្លែងថានេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរួមដើម្បីពង្រឹងការអនុវត្តច្បាប់ និងផ្លាស់ប្តូរឥរិយាបថប្រជាពលរដ្ឋទាក់ទងនឹងសាច់ សត្វព្រៃ។
ឯកឧត្តម រដ្ឋលេខាធិការក្រសួងបរិស្ថានសូមថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលបានរាយការណ៍ព័ត៌មាននៃការលក់សាច់សត្វព្រៃនេះដល់មន្ត្រីជំនាញដើម្បីចាត់វិធានការទាន់ពេលវេលាដោយលោកបានថ្លែងថា៖ «ប្រជាពលរដ្ឋភាគច្រើនលើសលុបមានការយល់ដឹងពីសារៈសំខាន់នៃសត្វព្រៃសម្រាប់ភពផែនដីនិងប្រព័ន្ធអេកូឡូស៊ី និងបានស្រឡាញ់សត្វព្រៃ ចូលរួមការពារនិងអភិរក្សសត្វព្រៃ និងបានសហការរាយការណ៍ ករណីឃើញមានការលក់ដូរសាច់សត្វព្រៃខុសច្បាប់»។
ក្នុងកិច្ចខិតខំប្រឹងប្រែងការពារអភិរក្សសត្វព្រៃ និងបណ្តុះស្មារតីស្រឡាញ់សត្វព្រៃកាន់តែខ្លាំងនៅក្នុងចំណោមសាធារណជន ក្រសួងបរិស្ថាន បានផ្តួចផ្តើមនិងដឹកនាំយុទ្ធនាការអន្ទាក់សូន្យនៅតាមបណ្តាខេត្តមួយចំនួនដែលមានតំបន់ការពារធម្មជាតិដើម្បីផ្តល់សុវត្ថិភាពដល់សត្វព្រៃ និងជីវៈចម្រុះផ្សេងៗទៀត និងផ្លាស់ប្តូរឥរិយាបថបុគ្គលមួយចំនួនតូចដែលនិយមហូបសាច់សត្វព្រៃមកបញ្ឈប់ការហូបសាច់សត្វព្រៃ និងកុំឱ្យពួកគាត់ជឿថាសាច់សត្វព្រៃជាថ្នាំ ឬជាថ្នាំប៉ូវសុខភាព។ ប៉ុន្តែតាមពិតគឺពោរពេញដោយមេរោគដែលអាចចម្លងជំងឺ និងធ្វើឱ្យយើងគ្រោះថ្នាក់បាន។ ជាមួយគ្នានោះដែរ ឯកឧត្តម នេត្រ ភក្ត្រា ថ្លែងកោតសរ សើរចំពោះប្រជាពលរដ្ឋខ្មែរដែលស្រឡាញ់សត្វព្រៃ និងចូលរួមការពារនិងអភរិក្សសត្វព្រៃឱ្យគង់វង្ស។
សូមគូសបញ្ជាក់ថា ក្រសួងបរិស្ថាន រដ្ឋបាលខេត្តកោះកុង មន្ទីរបរិស្ថានខេត្តកោះកុង និងអង្គការដៃគូរួមមានសម្ព័ន្ធមិត្តសត្វព្រៃ (WA) អង្គការ មូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ (WWF), USAID, អង្គការសម្ព័ន្ធសត្វព្រៃនិងធម្មជាតិ (WEA) , អង្គការអភិរក្សអន្តរជាតិ (CI), មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB), អង្គការមូលនិធិ MJP, អង្គការសមាគមអភិរក្សសត្វព្រៃ (WCS), អង្គការជីវិតធម្មជាតិ (Nature life), អង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ (FFI) និងក្រុមហ៊ុនទឹកបរិសុទ្ធវីតាល់ និងក្រុមហ៊ុនមីជាតិ៕ ដោយ សេន ពិសិដ្ឋ