នាយករដ្ឋមន្រ្តីបេឡារុស ថ្លែងសុន្ទរកថាជំនួស បង្កឱ្យមានការសង្ស័យថាលោក Lukashenko ធ្លាក់ខ្លួនឈឺ

(មីនស្ក៍)៖ ប្រធានាធិបតីបេឡារុស លោក អាឡិចសាន់ដឺ លូកាសិនកូ (Alexander Lukashenko) ដែលមិនត្រូវបានគេឃើញបង្ហាញខ្លួនជាសាធារណៈ ចាប់តាំងពី ថ្ងៃអង្គារសប្តាហ៍មុនមក មិនបានបង្ហាញខ្លួនក្នុងពិធីមួយដែលរៀបចំឡើងក្នុងរដ្ឋធានីមីនស្ក៍ (Minsk) កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះឡើយ ដែលនាំឲ្យ មានការសង្ស័យថាមេដឹកនាំជើងចាស់រូបនេះមានជំងឺធ្ងន់ធ្ងរ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP ដោយដកស្រង់ពីសារព័ត៌មាន រដ្ឋបេឡារុស នៅថ្ងៃចន្ទ ទី១៥ ខែឧសភា ឆ្នាំ២០២៣។

ទីភ្នាក់ងារព័ត៌មានរដ្ឋបែលតា (BelTA) បានរាយការណ៍ថា នាយករដ្ឋមន្ត្រី លោក រ៉ូម៉ាន់ ក្លូឡូវឈិនកូ (Roman Golovchenko) បានអានសារលិខិតរបស់លោក លូកាសិនកូ កំលុងនៃពិធីរំលឹកដល់ភក្តីភាពរបស់យុវជនចំពោះអតីតសហភាពសូវៀតប្រចាំឆ្នាំ។ ប៉ុន្តែទីភ្នាក់ងារនេះមិនបានផ្តល់ហេតុផលសម្រាប់ការអវត្តមានរបស់ លោក លូកាសិនកូ នោះទេ ៥ថ្ងៃបន្ទាប់ពីគាត់ហាក់ដូចជាមិនស្រួលខ្លួន ហើយខកខានមិនបានចូលរួមពិធីរំលឹកដល់ជ័យជំនះនៃសង្គ្រាមលោកលើកទី២របស់ សហភាពសូវៀតលើប្រទេសអាល្លឺម៉ង់ នៅឯទីក្រុងមូស្គូថែមទៀតផង។

វាក៏ជាលើកដំបូងផងដែរ ដែលលោក លូកាសិនកូ ចូលរួមតែមិនបានថ្លែងសុន្ទរកថាក្នុងពិធីប្រារព្ធខួបនៃការកាន់តំណែងជាប្រធានាធិបតីដ៏យូររបស់លោក ហើយក៏ជា លើកចុងក្រោយដែលគេឃើញលោកបង្ហាញខ្លួនជាសាធារណៈ។ យ៉ាងនេះក្តី ការិយាល័យរបស់លោក លូកាសិនកូ មិនបានឆ្លើយតបចំពោះសំណើរ សុំការអត្ថាធិប្បាយនោះទេ។