(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលបានផ្តល់អំណោយនូវពហុកីឡដ្ឋានមរតកតេជោដ៏ស្រស់ស្អាត និងរឹងមាំ ដែលជាឱកាសសម្រាប់កម្ពុជារៀបចំព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម។
សម្តេចតេជោ ថ្លែងបែបនេះ ក្នុងឱកាសសម្តេចអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការ សិក្សាផ្នែកកសិកម្មជាង៣ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ។
សម្តេចតេជោ មានប្រសាសន៍យ៉ាងដូច្នេះថា៖ «ខ្ញុំផ្ញើជូនប្រជាជនចិន ជាពិសេសចំពោះឯកឧត្តមប្រធានាធិបតី ស៊ី ជិនពីង នូវការអរគុណដែលឯកឧត្តម ក៏ដូចជាប្រជាជនចិនបានផ្តល់ជាអំណោយនូវស្តាតដ៏ស្រស់ស្អាត និងរឹងមាំ ប្រកបដោយសោភ័ណ្ឌភាពដែលជាឱកាសឱ្យកម្ពុជាមានមុខមាត់ក្នុងការបើកស៊ីហ្គេម ឆ្នាំ២០២៣។»
ទន្ទឹមគ្នានេះ សម្តេចបានអរព្រះគុណ ព្រះករុណា ព្រះបីតាព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដែលព្រះអង្គទុកជាកេរ្តិ៍មរតក ដល់កូនចៅធ្វើជាកន្លែងនៃការប្រកួតស៊ីហ្គេម បន្ទាប់ពី៦៤ឆ្នាំមុនដែលព្រះអង្គបានធ្វើនៅទីនោះ និងព្រះមហាក្សត្រ ព្រមទាំងហ្លួងម៉ែ ដែលបានផ្ញើជាសារសំឡេងកោតសរសើរ ចំពោះរាជរដ្ឋាភិបាល។
ជាមួយគ្នានេះ សម្តេចបាន ថ្លែងអំណរគុណប្រទេសនានាជាសមាជិកអាស៊ាន ដែលបានបញ្ជូនកីឡាករកីឡាការិនី មកចូលរួមប្រកួតកីឡាស៊ីហ្គេមនៅកម្ពុជា និងផ្តល់ការគាំទ្រ ដល់កម្ពុជាក្នុងឋានៈជាម្ចាស់ផ្ទះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រឹត្តិការណ៍ស៊ីហ្គេម បានធ្វើឱ្យសម្តេចរំជួលចិត្ត និងស្រក់ទឹក រំភើប មិននឹកស្មានកម្ពុជាមានថ្ងៃនេះឡើយ។
សម្តេចតេជោ សង្ឃឹមថា ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមនេះ នឹងបញ្ចប់ដោយជោគជ័យ និងមានសុវត្ថិភាពទាំងអស់។
បើតាមសម្ដេចតេជោ ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលភាគីចិនជួយកសាង ក្នុងតម្លៃប្រមាណ១៥០លានដុល្លារនេះ នៅតែជាកន្លែងសម្រាប់ការប្រកួតកីឡាសម្រាប់កីឡាករកម្ពុជា និងការប្រកួតក្នុងតំបន់ ឬការប្រកួតអន្តរជាតិដទៃទៀត ហើយក៏នឹងក្លាយជាកន្លែងកម្សាន្តសម្រាប់ទេសចរទូទៅផងដែរ។
ពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅសង្កាត់សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលមានចម្ងាយ ១២គីឡូម៉ែត្រពីវត្តភ្នំ សាងសង់លើផ្ទៃដីទំហំជាង ៨៥ហិកតា។ សម្រាប់ការសាងសង់ ឈរលើទស្សនទានបៃតង «Green Sports» ដោយមានសំណង់អគារតែ ៣០ភាគរយប៉ុណ្ណោះ ហើយ ៧០ភាគរយ ជាតំបន់បៃតង មានដូចជាដើមឈើ ស្មៅ និងទឹក…ហើយក៏មានការកាត់បន្ថយការប្រើប្រាស់ថាមពលអគ្គិសនី ដោយប្រើប្រាស់បច្ចេកទេសរចនាប្លង់ ដែលមានខ្យល់ចេញចូល និងពន្លឺព្រះអាទិត្យចេញចូលគ្រប់កន្លែង៕