សម្តេចតេជោ ហ៊ុន សែន៖ «ខ្ញុំគ្មានទម្លាប់ដណ្តើមស្នាដៃគេទេ សមិទ្ធផលជាតិកម្ពុជាបច្ចុប្បន្ន សុទ្ធតែយកជីវិតទៅប្តូរ»

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣នេះ បានលើកឡើងថា ផ្ដើមចេញពីការរំដោះប្រទេសដែលពោរពេញដោយភ្លើងសង្គ្រាម រហូតមានសុខសន្ដិភាព និងការអភិវឌ្ឍដូចពេលបច្ចុប្បន្ននេះ សម្ដេចគ្មានទម្លាប់ទៅដណ្ដើមស្នាដៃរបស់អ្នកណានោះទេ សូមកុំឲ្យតែអ្នកនោះមកដណ្ដើមអ្វីដែលជាស្នាដៃរបស់សម្ដេច។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការ​សិក្សាផ្នែកកសិកម្មជាង ៣ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ, សម្ដេចតេជោ ហ៊ុន សែន នៅតែអះអាងថា គ្រប់ដំណាក់កាលទាំងអស់ តាំងពីការផ្ដូលរំលំខ្មែរក្រហម ស្វែងរកសន្ដិភាព និងការធ្វើកំណែទម្រង់នយោបាយ សេដ្ឋកិច្ច គឺសុទ្ធតែយកជីវិតរបស់សម្ដេចទៅប្ដូរ ឬហៅមួយបែបទៀតថា សម្ដេចជាអ្នក «ក្បាល» ទៅប្ដូរ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ក្នុងជីវិតរ​បស់ខ្ញុំនេះ គឺជាជីវិតពោរពេញទៅដោយកំណែទម្រង់ ហើយសុទ្ធតែយកក្បាលទៅប្ដូរ ប្ដូរជាមួយការរស់ឡើងវិញរបស់ប្រទេស ដូរនឹងសន្ដិភាពសម្រាប់ប្រទេស ដូរនឹងកំណែទម្រង់ទាំងឡាយ ជាពិសេសវិស័យសេដ្ឋកិច្ច ក្នុងនោះមានចំណែកដីធ្លី […] ខ្ញុំគ្មានទម្លាប់ទៅដណ្ដើមស្នាដៃរបស់អ្នកណាទេ ប៉ុន្ដែសុំអ្នកដទៃកុំទៅដណ្ដើមរបស់ខ្ញុំទៅបានហើយ និយាយការពិតទៅបានហើយ»

ដំណាក់កាលដែលសម្ដេចហ៊ានអះអាងថា សុទ្ធតែយក «ក្បាល» ទៅប្ដូរដើម្បីជាតិ និងប្រជាជននោះ ដូចជា ប្ដូរជាមួយការរស់រាន់មានជីវិតរបស់ប្រជាពលរដ្ឋ រំដោះប្រទេសក្នុងថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩, ប្ដូរជាមួយសន្ដិភាព ដោយចូលទៅក្នុងតំបន់ខ្មែរក្រហម បញ្ចប់សង្គ្រាមនាំមកនូវការឯកភាពជាតិ ឯកភាពទឹកដី ប៉ុន្ដែក្នុងបញ្ហាកំណែទម្រង់ដីធ្លី គឺកំណែទម្រង់សេដ្ឋកិច្ច និយាយជាមួយ គឺមិនមែនជាបញ្ហាតូចតាចនោះទេ ក៏មានចរិតយកក្បាលទៅប្ដូរដូចគ្នាផងដែរ។

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ទៀតថា ជីវិតនយោបាយរបស់សម្ដេច អាចនឹងត្រូវបញ្ចប់ក្នុងអំឡុងពេលនោះ ដោយសារកម្លាំងសង្កត់៣ ក្នុងពេលដែលសម្ដេចដឹកនាំកំណែទម្រង់នយោបាយ និងសេដ្ឋកិច្ច។

បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន, កម្លាំងសង្កត់ទាំង៣ ដែលនាំគ្រោះថ្នាក់ការធ្វើកំណែទម្រង់របស់សម្តេច រួមមាន៖ ទី១៖ ការមិនចុះសម្រុងគ្នានៅក្នុង ផ្ទៃក្នុងរបស់រដ្ឋកម្ពុជា, ទី២៖ វៀតណាមមិនដកកងទ័ពចេញពីប្រទេសកម្ពុជា ប៉ុន្តែសំណាងវៀតណាមមិនលូកដៃ ក្នុងរឿងផ្ទៃក្នុងរបស់កម្ពុជា និងទី៣៖ សហភាពសូវៀតអាចផ្តាច់ជំនួយ ពីរដ្ឋាភិបាលរដ្ឋកម្ពុជានាពេលនោះ៕