(ស៉ីដនី)៖ រដ្ឋមន្ត្រីការបរទេសចិន លោក ឈិន កាង (Qin Gang) គ្រោងបំពេញដំណើរទស្សនកិច្ចទៅកាន់ប្រទេសអូស្ត្រាលី នៅខែកក្កដាខាងមុខ ខណៈទំនាក់ទំនងការទូតរវាងប្រទេសជាដៃគូពាណិជ្ជកម្មទាំង២ ហាក់មានស្ថិរភាពឡើងវិញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន South China Morning Post នៅថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ២០២៣។
ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីមន្ត្រីចិនក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ South China Morning Post បានឱ្យដឹងដែរថាដំណើរទស្សនកិច្ចរបស់លោក ឈិន កាង ដែលមិនទាន់ត្រូវបានប្រកាសជាផ្លូវការ អាចនឹងត្រូវធ្វើឡើងនៅខែកក្កដាខាងមុខ។ ដោយឡែក ជុំវិញដំណើរទស្សនកិច្ចនេះដែរ លោក ជែមស៍ ឡូរិនសិន (James Laurenceson) ជានាយកវិទ្យាស្ថាន Australia-China Relations Institute (ACRI) នៃសាកលវិទ្យាល័យបច្ចេកវិទ្យាស៉ីដនី (University of Technology Sydney) បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថាលោកបានដឹងពីដំណើរទស្សនកិច្ចរបស់លោក ឈិន កាង នៅខែកក្កដា តែលោកមិនអាច បញ្ជាក់ពីកាលបរិច្ឆេទជាក់លាក់នោះទេ។ លោក ឡូរិនសិន បានបន្ថែមថា «ដំណើរទស្សនកិច្ចរបស់លោក ឈិន កាង ទៅកាន់អូស្ត្រាលី ជាព័ត៌មានមួយដ៏ធំ ហើយ លោកនឹងក្លាយជាមន្ត្រីជាន់ខ្ពស់ដំបូងបំផុតរបស់ចិន ដែលនឹងធ្វើទស្សនកិច្ចនៅអូស្ត្រាលី ចាប់តាំងពីភាពតានតឹងនៃទំនាក់ទំនងរវាងប្រទេសទាំង២ ថមថយកម្ដៅ មក»៕