(ខេប ថោន)៖ ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំប្រទេសអាហ្វ្រិកខាងត្បូង បានចោទប្រកាន់ថាប្រទេសមួយនេះបានផ្គត់ផ្គង់អាវុធ និងគ្រាប់រំសេវឱ្យរុស្ស៉ី ដើម្បីធ្វើសង្រ្គាម នៅអ៊ុយក្រែន តាមរយៈកប៉ាល់ដឹកទំនិញមួយគ្រឿង ដែលបានចូលចតជាសម្ងាត់នៅឯមូលដ្ឋានទ័ពជើងទឹកមួយ ស្ថិតនៅក្បែរទីក្រុងខេប ថោន (Cape Town) កាលពីខែធ្នូ ឆ្នាំ២០២២។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ២០២៣។
លោក រូបិន ព្រីហ្គេធី (Reuben Brigety) ជាឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំប្រទេសអាហ្វ្រិកខាងត្បូង ធ្វើការចោទប្រកាន់ខាងលើនៅឯសន្និសីទសារព័ត៌មានមួយក្នុង រដ្ឋធានីប្រេតូរីយ៉ា កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ បើតាមលោក ព្រីហ្គេធី សហរដ្ឋអាមេរិកទទួលបានដំណឹងថាបរិក្ខារយោធាត្រូវបានលើកដាក់លើកប៉ាល់មានឈ្មោះ ថា Lady R នៅឯមូលដ្ឋានទ័ពជើងទឹកមួយក្នុងទីក្រុង Simon’s Town នៅចន្លោះពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ហើយក្រោយមកទើបត្រូវដឹកបញ្ជូនទៅកាន់ ប្រទេសរុស្ស៉ី។
លោក ព្រីហ្គេធី ក៏បានបញ្ជាក់ដែរថាព័ត៌មាននេះកំពុងបង្កជាការចោទសួរចំពោះជំហរអព្យាក្រឹតរបស់អាហ្វ្រិកខាងត្បូង ទៅនឹងសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន និងការ អំពាវនាវរបស់ទីក្រុងប្រេតូរីយ៉ាឱ្យបិទបញ្ចប់សង្រ្គាម។