លោក ម៉ាកូស លើកឡើងថា មូលដ្ឋានយោធាហ្វីលីពីនដែលបើកសិទ្ធិឱ្យអាមេរិកប្រើ គឺអាចនឹង មានប្រយោជន៍ ប្រសិនបើតៃវ៉ាន់រងការវាយប្រហារ


 (វ៉ាស៉ីនតោន)៖  តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៥ ខែ ឧសភា​ ឆ្នាំ២០២៣ បានប្រាប់អោយដឹងថា កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស ចេអរ (Ferdinand Marcos Jr) បាននិយាយថា ការអនុញ្ញាតឱ្យសហរដ្ឋ អាមេរិកប្រើប្រាស់ មូលដ្ឋានយោធារបស់ប្រទេសហ្វីលីពីន គឺជាចំណាត់ការការពារមួយ ដែលអាច​នឹងមានប្រយោជន៍ ប្រសិនបើចិនវាយប្រហារលើតៃវ៉ាន់។

ថ្លែងនៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចរយៈពេល៤ថ្ងៃ ក្នុងទីក្រុងវ៉ាស៉ីនតោន ដែលរួមមាននូវកិច្ច ប្រជុំកំពូលជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ព្រមទាំងការធ្វើបច្ចុប្បន្នភាពលើសន្ធិសញ្ញា ការពារជាតិ ដែលមានរយៈពេលជាង៧០ឆ្នាំរបស់ប្រទេសទាំងពីរផងដែរនោះ លោក ម៉ាកូស មិន បានឆ្លើយតបដោយចំៗឡើយ នៅពេលត្រូវបានសាកសួរថា តើសហរដ្ឋអាមេរិកអាចនឹងដាក់ ពង្រាយសព្វាវុធ នៅតាមមូលដ្ឋានហ្វីលីពីនឬទេ ប្រសិនបើចិនសម្រេចបើកការវាយប្រហារលើ តៃវ៉ាន់។

ក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារព័ត៌មាន Reuters លោកប្រធានាធិបតីហ្វីលីពីន បាននិយាយថា កិច្ចព្រមព្រមព្រៀង EDCA ស្តីពី​ការផ្តល់សិទ្ធិប្រើប្រាស់មូលដ្ឋានយោធា ឱ្យកងទ័ពអាមេរិក កាលពី ឆ្នាំ២០១៤ គឺត្រូវបានបង្កើតឡើងដំបូងក្នុងគោលបំណងពង្រឹងសមត្ថភាព​ឆ្លើយតប ចំពោះគ្រោះ មហន្តរាយតែប៉ុណ្ណោះ។

លោក ម៉ាកូស បាននិយាយដូច្នេះថា «ប៉ុន្តែឥឡូវគឺមានចំណុចបន្ថែមមួយទៀត ពាក់ព័ន្ធកិច្ចព្រម ព្រៀងនេះ នោះគឺភាពតានតឹងនៅតំបន់​ច្រកសមុទ្រតៃវ៉ាន់ ដែលហាក់កំពុងតែបន្តកើនឡើង។ ហេតុដូច្នេះហើយ សុវត្ថិភាពរបស់ប្រជាជនហ្វីលីពីនយើងនៅឯកោះតៃវ៉ាន់ បានក្លាយជា​រឿងដ៏សំខាន់ បំផុត។ ម៉្យាងវិញទៀត មូលដ្ឋាន EDCA ទាំងនេះ ក៏នឹងអាចផ្តល់ប្រយោជន៍សម្រាប់យើងផងដែរ ប្រសិនបើហេតុការណ៍អាក្រក់កើតឡើង» ដោយលោកចង់សំដៅលើការវាយប្រហាររបស់ចិនទៅលើតៃវ៉ាន់៕