(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ផ្ញើសារសំឡេងពិសេស សូមស្វាគមន៍ចំពោះការចូលរួមជាមួយ គណបក្សប្រជាជនកម្ពុជា ពីសំណាក់សកម្មជនគណបក្សប្រឆាំង, នេះបើតាមសារសំឡេងរបស់ សម្តេច នាយប់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៣។
តាមរយៈសារសំឡេងពិសេសនេះសម្តេចតេជោ ហ៊ុន សែន បានចាត់ទុកលោក គោរម្យ ដាឡា អតីតប្រធានគ្រប់គ្រងនិស្សិត តាមបណ្តាញសាកលវិទ្យាល័យរបស់គណបក្សប្រឆាំង និងក្រុម យុវជនផ្សេងទៀត ជាកូនៗរបស់សម្តេច ដោយសម្តចបង្ហាញនូវការពេញចិត្ត ការលើកឡើងតាម រយៈសារវីដេអូ និងលិខិតរបស់ពួកគេ ដែលសុំចូលមករួមរស់ជីវភាពនយោបាយ ជាមួយគណបក្ស ប្រជាជនកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងតាមរយៈការលើកឡើងរបស់លោក គោរម្យ ដាឡា និងក្រុម យុវជនដទៃទៀត បានបង្ហាញជាពន្លឺកាន់តែច្បាស់ នូវទង្វើដ៏អាក្រក់របស់បរទេសមួយចំនួន ដែល ក្រុមលោក គោរម្យ ដាឡា ធ្លាប់បានបម្រើនូវនយោបាយរបស់ពួកគេ ដែលចង់បង្កើតនូវចលនា បដិវត្តន៍ពណ៌ បំផ្លាញសន្តិភាពរបស់កម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «បរទេសមួយចំនួនបានខិតខំបំផ្លាញយើង តាមរយៈកូនៗ គឺជាសាក្សីរស់ មិនមែនជាការមូលបង្កាច់ ពីសំណាក់បក្សកាន់អំណាច ឬពីរាជរដ្ឋាភិបាលទេ តែវា ជារឿងពិត ហើយកូនៗគឺជាសាក្សីរស់ពិតប្រាកដ។ ពុកអរគុណ ដែលកូនៗបានយល់សភាពការណ៍ នេះ ហើយកូនៗនឹងក្លាយជាធនធានមនុស្ស ដើម្បីជួយទៅដល់ការរក្សាសន្តិភាព និងការអភិវឌ្ឍន៍ជាតិ នាពេលខាងមុខ»។
ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានរំពឹងនិងជឿជាក់ថា លោក គោរម្យ ដាឡា និងក្រុម យុវជនដទៃទៀត នឹងក្លាយទៅជាធនធាមនុស្សដ៏សំខាន់របស់គណបក្សប្រជាជនកម្ពុជា និងរបស់ ប្រទេសជាតិ ដែលនឹងជួយឲ្យកម្ពុជា មានការរីកចម្រើនទៅមុខ។
សម្តេចតេជោបន្តថា ក្នុងនាមគណបក្សប្រជាជនកម្ពុជា សម្តេចសូមស្វាគមន៍ចំពោះលោក គោរម្យ ដាឡា និងក្រុមយុវជនផ្សេងទៀត ក្នុងការចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជន កម្ពុជា ដោយទុករឿងអតីតកាលមួយឡែក ហើយនាំគ្នាសម្លឹងឆ្ពោះទៅរកអនាគតកាល។
សម្តេចជឿជាក់ថា ដោយសារតែលោក គោរម្យ ដាឡា និងក្រុមយុវជនរបស់លោក ធ្លាប់បម្រើនូវ នយោបាយរបស់បរទេស ដូច្នេះប្រាកដណាស់ បានយល់ច្បាស់ពីតម្លៃនៃសន្តិភាព និងការអភិវឌ្ឍ ដូច្នេះនឹងចូលរួមជាមួយគ្នាប្រឹងប្រែងរក្សាសន្តិភាពឲ្យខាងតែបាន៕