រោងចក្រប្រេងរុស្ស៉ី បន្តរងការវាយប្រហារដោយយន្ដហោះដ្រូន សាជាថ្មី

(មូស្គូ)៖ ទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានរាយការណ៍ពីការវាយប្រហារមួយដោយយន្ដហោះដ្រូន នៅក្នុងតំបន់ភាគខាងត្បូងនៃប្រទេសរុស្ស៉ី ដោយបណ្ដាលឱ្យមានអគ្គិភ័យឆាបឆេះនៅឯរោងចក្រចម្រាញ់ប្រេងមួយកន្លែង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែឧសភា ឆ្នាំ២០២៣។

ការវាយប្រហារដោយយន្ដហោះដ្រូន បានកើតឡើងជាបន្តបន្ទាប់នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ក្នុងនោះរួមមានទាំងអ្វីដែលរុស្ស៉ីចោទថាអ៊ុយក្រែនបើកការវាយប្រហារដោយ យន្ដហោះដ្រូន ក្នុងការប៉ុនប៉ងធ្វើឃាតលោក ពូទីន។ បើតាមទីភ្នាក់ងារសារព័ត៌មាន TASS អគ្គិភ័យបានឆាបឆេះឃ្លាំងស្ដុកប្រេងមួយក្នុងតំបន់ក្រាស្នូដា (Krasnodar) ស្ថិតនៅ ភាគខាងត្បូងនៃប្រទេស ប៉ុន្តែត្រូវបានក្រុមអ្នកពន្លត់អគ្គិភ័យពន្លត់ទាន់ពេលវេលា។ កាលពីថ្ងៃពុធ ទី៣ ខែឧសភា អាជ្ញាធររុស្ស៉ីក្នុងតំបន់ក្រាស្នូដា ក៏បានអះអាងផងដែរពីអគ្គិភ័យ ឆាបឆេះរោងចក្រស្ដុកប្រេងក្នុងភូមិវ៉ុលណា (Volna)៕