ឃ្លាំងស្ដុកប្រេងមួយកន្លែង ក្នុងតំបន់ Krasnodar របស់រុស្ស៉ី ត្រូវបានអគ្គិភ័យឆាបឆេះ

 (មូស្គូ)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣ ខែឧសភា ឆ្នាំ២០២៣ អោយដឹងថា ក្រុមមន្ត្រីនៅក្នុងប្រទេសរុស្ស៉ី បានឱ្យដឹងថាឃ្លាំងស្ដុកប្រេងឥន្ធនៈមួយ កន្លែងស្ថិតនៅក្បែរស្ពានដ៏សំខាន់មួយ ក្នុងតំបន់ក្រាស្នូដា (Krasnodar) ភាគនិរតីនៃប្រទេស រុស្ស៉ី ត្រូវបានអគ្គិភ័យឆាបឆេះនៅព្រឹកថ្ងៃពុធនេះ ប៉ុន្តែភ្លាមៗមិនមានសេចក្ដីរាយការណ៍ពីអ្នកស្លាប់ ឬរងរបួសនោះទេ។

អភិបាលតំបន់ Krasnodar លោក វេនីយ៉ាមីន កុនដ្រាទីយ៉េវ (Veniamin Kondratyev) បាន បញ្ជាក់ទៀតថាអគ្គិភ័យឆេះឃ្លាំងស្ដុកប្រេងឥន្ធនៈខាងលើ កើតឡើងនៅក្នុង ភូមិ វ៉ុលណា (Volna) នៃតំបន់រដ្ឋបាល ធែមរីយុគ (Temryuk)។ ឃ្លាំងស្ដុកប្រេងនេះស្ថិតនៅក្បែរស្ពានគ្រីមៀ ឬស្ពាន ច្រកសមុទ្រឃឺស (Kerch) ដែលតភ្ជាប់រុស្ស៉ីជាមួយតំបន់ គ្រីមៀដែលទីក្រុងមូស្គូ បានក្រសោប យកពីអ៊ុយក្រែន ដាក់បញ្ចូលក្នុងឧបសម្ព័ន្ធរបស់ខ្លួនកាលពីឆ្នាំ២០១៤។ លោក កុនដ្រាទីយ៉េវ មិន បានលម្អិតពីមូលហេតុ ឬក៏ចោទថាតើ អគ្គិភ័យនេះជាស្នាដៃរបស់នរណានោះឡើយ៕