អគ្គិភ័យឆេះផ្ទះអស់​ ៨ខ្នង​ និងរាលដាលដល់ឃ្លាំងចំនួន​១​ នៅខណ្ឌមានជ័យ សមត្ថកិច្ចជំនាញ ប្រើទឹកអស់ជាង​ ១០០ឡាន, មូលហេតុឆេះចេញពីគំនរសំរាម


 (ភ្នំពេញ)៖ អគ្គិភ័យបានលេបត្របាក់ផ្ទះប្រជាពលរដ្ឋអស់ចំនួន​ ៨ខ្នងទាំងស្រុង​ និងបានរាលដាល ដល់ឃ្លាំងមួយទៀត​ រងការខូចខាតអស់ប្រហែល​ ៣០%​ បានកើតឡើងនៅវេលាម៉ោង​២និង៤០ នាទីរសៀល​ ថ្ងៃទី០២​ ខែឧសភា​ ឆ្នាំ២០២៣នេះ ស្ថិតនៅចំណុចផ្លូវលំ​ ក្រុម៦ ភូមិដំណាក់ធំ​ សង្កាត់ស្ទឹងមានជ័យ​ ខណ្ឌមានជ័យ​ ត្រូវកម្លាំងសមត្ថកិច្ចជំនាញគ្រប់គ្រងបានទាំងស្រុង នៅវេលា ម៉ោង​ ៤និង៥០នាទីល្ងាច ដោយប្រេីប្រាស់ទឹកអស់​ជាង​ ១០០ឡាន។

លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ដោយនៅក្នុងរង្វង់ប្រតិបត្តិការខាងលើនេះ​ គឺមាន លទ្ធលំបាកឲ្យកម្លាំងសមត្ថកិច្ចជំនាញរបស់យេីង​ ធ្វេីការអន្តរាគមន៍ទាន់ពេលវេលា​ ដោយសារ តែទីតាំងខាងលើមិនមានភាពអំណោយផលពិបាកនៅក្នុងការអន្តរាគមន៍ទាន់ពេលវេលា​ ដែលជា ហេតុធ្វើឲ្យការជួយសង្គ្រោះពិបាក​ តែទោះបីជាយ៉ាងណា​ ក៏សមត្ថកិច្ចរបស់យើង​ នៅតែបន្តប្រតិបត្តិ ការនេះរហូត​ទទួលបានជោគជ័យផងដែរ។

លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ បានបន្ដទៀតថា ចំពោះករណីអគ្គិភ័យខាងលើនេះ​ គឺបណ្តាល ឲ្យឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន​ ០៨ខ្នងផ្ទះទាំងស្រុង​ សង់អំពីផ្ទះថ្មប្រក់ស័ង្ក ព្រមទាំងរាល ដាល់ដល់ឃ្លាំងចំនួន០១​ ឃ្លាំង​ ខូចខាតប្រហែល​ ៣០%​រួមទាំងរថយន្តម៉ាក​ Lexus RX330 ពណ៌ស​ ចំនួន​ ០១គ្រឿង​ ខូចខាតប្រហែល​ ៥០%។

ដោយឡែក សម្រាប់ប្រតិបត្តិការជួយសង្គ្រោះវិញ ត្រូវបានលោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ បញ្ជាក់ ថា រថយន្ដការិយាល័យជំនាញ ចំនួន២២គ្រឿង ប្រើប្រាស់ទឹកអស់៨៨ឡាន, រថយន្តក្រសួងមហាផ្ទៃ ចំនួន០១គ្រឿង ប្រើប្រាស់ចំនួន២ឡាន, រថយន្តស្រាបៀរកម្ពុជា ចំនួន០២គ្រឿង ប្រើប្រាស់ចំនួន ១ឡាន, រថយន្តផ្សារទំនើប​ អូឡាំព្យា ចំនួន០២គ្រឿង ប្រើប្រាស់ចំនួន០៤ឡាន និងរថយន្តក្រុម ហ៊ុន​ កោះនរា ចំនួន០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៤ឡាន,​ រថយន្តក្រុមហ៊ុន​ OCIC ជ្រោយ ចង្វារ​ ចំនួន​០៦គ្រឿ​ង​ ប្រើប្រាស់ទឹកចំនួន១២ឡាន,​ រថយន្តក្រុមហ៊ុន​ OCIC កោះពេជ្រ​ ចំនួន​០៣គ្រឿង​ ប្រើប្រាស់ទឹកចំនួន​០៦ឡាន​ និងរថយន្តសួនឧស្សហកម្មកាណាឌីយ៉ា​ ចំនួន​០១គ្រឿង​ ប្រើប្រាស់ទឹកចំនួន០២ឡាន។

លោកវរសេនីយ៍ឯក ព្រហ្ម​ យ៉ន​ ក៏បានបញ្ជាក់ថា​ ដោយនៅក្នុងគ្រោះអគ្គិភ័យខាងលើនេះ​ គឺមិន បានបណ្តាលឲ្យអ្នកណាម្នាក់រងរបួសនោះឡើយ៕