រដ្ឋមន្ត្រីការបរទេសចិន ជួបប្រមុខរបបសឹកមីយ៉ាន់ម៉ា និងសន្យាផ្ដល់ការគាំទ្រ


 (យ៉ាងហ្គន)៖​ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៣ ខែឧសភា ឆ្នាំ២០២៣ អោយដឹងថា ក្រុមមន្ត្រីនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានឱ្យដឹងនៅថ្ងៃអង្គារសប្ដាហ៍នេះថា រដ្ឋមន្ត្រីការបរទេសចិន លោក ឈិន កាង (Qin Gang) បានជួបពិភាក្សា ការងារជាមួយប្រមុខ យោធាមីយ៉ាន់ម៉ា លោក មីន អោងឡាំង នៅក្នុងទីក្រុងណៃពិដោរ ដែលនេះជាជំនួបរវាងមន្ត្រីជាន់ ខ្ពស់ចិន និងឧត្តមសេនីយ៍កំពូល ចាប់តាំងពី មានរដ្ឋប្រហារយោធាកាលពីជាង២ឆ្នាំមុនមក។

មីយ៉ាន់ម៉ា បានធ្លាក់ចូលក្នុងភាពចលាចលនៃអំពើហិង្សា គិតចាប់តាំងពីរដ្ឋាភិបាលស៊ីវិលរបស់ លោកស្រី អោងសាន ស៊ូជី ត្រូវបានយោធាធ្វើរដ្ឋប្រហារទម្លាក់ចេញពី អំណាច កាលពីខែកុម្ភៈ ឆ្នាំ២០២១។ ក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយដោយក្រុមការងារទទួលបន្ទុកផ្នែកព័ត៌មាន នៃរបបយោធាមីយ៉ាន់ម៉ា រដ្ឋមន្ត្រីការបរទេសចិន លោក ឈិន កាង បានប្រាប់លោក មីន អោងឡាំង ថាចិនគាំទ្រមីយ៉ាន់ម៉ានៅលើឆាកអន្តរជាតិ ហើយថាសហគមន៍អន្តរជាតិគួរតែគោរព អធិបតេយ្យ របស់មីយ៉ាន់ម៉ា ព្រមទាំងដើរតួនាទីប្រកបដោយលក្ខណៈស្ថាបនា ដើម្បីជួយស្វែងរកសន្តិភាព និង ការផ្សះផ្សារជាតិ។

គួរបញ្ជាក់ថា លោក ឈិន កាង នឹងបន្តស្ថិតនៅក្នុងប្រទេសមីយ៉ានម៉ា រហូតដល់ថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ។ លោក វ៉ាង យី ដែលជាអតីតរដ្ឋមន្ត្រីការបរទេសចិន ក៏ធ្លាប់បានបំពេញទស្សនកិច្ច ទៅកាន់មីយ៉ាន់ម៉ាផងដែរកាលពីខែកក្កដា ឆ្នាំ២០២២ តែមិនបានជួបជាមួយលោក មីន អោងឡាំង ឡើយ៕