(កៀវ)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៣ ខែឧសភា ឆ្នាំ ២០២៣ អោយដឹងថា យោធាអ៊ុយក្រែន នៅថ្ងៃអង្គារសប្ដាហ៍នេះបានប្ដេជ្ញាថានឹងមិនបោះបង់ចោល ទីក្រុងបាកមូត (Bakhmut) ស្ថិតនៅភាគខាងកើតនៃប្រទេសនោះទេ ខណៈកំពុង ត្រៀមបើកប្រតិ បត្តិការវាយបកប្រឆាំងនឹងទាហានរុស្ស៉ី ឆាប់ៗខាងមុខនេះ។
ការសន្យាមិនបោះបង់ទីក្រុងបាកមូត ដែលជាសមរភូមិដ៏បង្ហូរឈាមបំផុតក្នុងសង្រ្គាមសព្វថ្ងៃ កើត មានឡើងក្រោយក្រុមមន្ត្រី និងអ្នកវិភាគលោកខាងលិចមួយចំនួនបង្ហាញ ការសង្ស័យចំពោះការលះ បង់ និងសារៈសំខាន់ជាយុទ្ធសាស្ត្រនៃទីក្រុងមួយនេះ ដោយបញ្ជាក់ថាការលះបង់របស់អ៊ុយក្រែន ដើម្បីការពារទីក្រុងបាកមូត មិនសមាមាត្រនឹង ប្រយោជន៍យុទ្ធសាស្ត្រនោះទេ។ យ៉ាងណាក៏ដោយ មេបញ្ជាការកងទ័ពជើងគោកអ៊ុយក្រែន លោក អូឡិកសាន់ឌ័រ សៀស្គី (Oleksandr Syrskyi) បានគូសបញ្ជាក់ដូច្នេះថា «ក្រោមការពិភាក្សាជាមួយមេបញ្ជាការទាំងអស់ យើងបានសម្រេចចិត្តថា នឹងបន្តការពារទីក្រុងបាកមូត ហើយបង្កការខាតបង់ជាអតិបរមាដល់សត្រូវ…យើងនឹងបន្តការពារ ទីក្រុងបាកមូត ក៏ដូចជាកម្ទេចក្រុមទាហាន Wagner ព្រមទាំងទាហានរុស្ស៉ី»៕