អូស្រ្តាលីនឹងផ្តល់ថវិកាលើកទឹកចិត្តដល់កងទ័ព ដើម្បីជំរុញឱ្យនៅបន្តបម្រើក្នុងជួរយោធា


 (ស៉ីដនី)៖  តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ​ ទី២ ខែឧសភា ឆ្នាំ ២០២៣ គឺ នៅថ្ងៃអង្គារនេះ អូស្រ្តាលីបាននិយាយថា ខ្លួននឹងផ្តល់ថវិកាលើកទឹកចិត្ត៥០,០០០ ដុល្លារអូស្រ្តាលី (៣៣,១៦៥ដុល្លារអាមេរិក) ដល់កងទ័ព ដើម្បីជំរុញឱ្យពួកគេនៅបន្តបម្រើក្នុងជួរ យោធាឱ្យបានយូរជាងមុន បន្ទាប់ពីរបាយការណ៍វាយតម្លៃបានរកឃើញថា គោលជំហរយោធា​របស់អូស្រ្តាលីគឺហាក់មិនរឹងមាំគ្រប់គ្រាន់ឡើយ នៅចំពោះមុខការកើនឡើងនៃភាពប្រកួតប្រជែង ឥទ្ធិពល រវាងសហរដ្ឋអាមេរិកនិងចិនក្នុង​តំបន់ឥណ្ឌូ-ប៉ាស៉ីហ្វិក។

រដ្ឋមន្រ្តីការពារជាតិអូស្រ្តាលី លោក រីឆាដ ម៉ាល (Richard Marles) បាននិយាយថា ចំនួនកងទ័ព អូស្រ្តាលីបច្ចុប្បន្នគឺ៣,៤០០នាក់ តិចជាងចំនួនតួនាទីកងទ័ព ដែលរដ្ឋាភិបាលអាចផ្តល់មូលនិធិ ទ្រទ្រង់ ហើយទន្ទឹមគ្នាការរក្សាឱ្យពួកគេនៅបន្តបម្រើក្នុងជួរយោធា ក៏កំពុង​ជាបញ្ហាមួយផងដែរ។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅរដ្ឋធានីកង់បេរ៉ា លោក ម៉ាល បាននិយាយដូច្នេះថា «យើងកំពុង តែប្រឈមបញ្ហា ក្នុងការធានាថា ពួកយើងកំពុងកែនសមាជិកកងកម្លាំងការពារជាតិ បានក្នុងចំនួន ដែលយើងត្រូវការ»។ បើតាមលោក ម៉ាល ថវិកាខាងលើ នឹងត្រូវផ្តល់ឱ្យទាហានទាំងឡាយណា ដែលនៅបន្តស្ថិតក្នុងជួរយោធាលើសពី៣ឆ្នាំ៕