អ៊ុយក្រែនថា ការវាយប្រហាររបស់រុស្ស៉ីចុងក្រោយបំផុតបានបំផ្លេចបំផ្លាញផ្ទះរាប់សិបខ្នង និងមនុស្ស ៣៤នាក់រងរបួស


 (កៀវ)៖  យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី០១ ខែឧសភា ឆ្នាំ២០២៣ ប្រាប់អោយដឹងថា អ៊ុយក្រែនបានឱ្យដឹងថា រុស្ស៊ីកាលពីព្រឹកថ្ងៃចន្ទនេះ បានបាញ់មីស៊ីល ក្នុងលក្ខណៈទ្រង់ទ្រាយធំលើកទីពីររបស់ខ្លួន ចូលទៅក្នុងប្រទេសអ៊ុយក្រែនក្នុងរយៈពេលប៉ុន្មាន ថ្ងៃថ្មីៗ ដោយបានបំផ្លេចបំផ្លាញផ្ទះរាប់សិបខ្នង និងមនុស្សយ៉ាងហោចណាស់ ៣៤នាក់បានរងរបួស នៅក្នុងទីក្រុង Pavlohrad ភាគខាងកើត។

អភិបាល​តំបន់​បាន​និយាយ​ថា ការវាយប្រហារបានបំផ្លាញអគារលំនៅដ្ឋានចំនួន១៩ ផ្ទះចំនួន២៥ ខ្នង សាលារៀនចំនួន៣ សាលាមត្តេយ្យចំនួន៣ និងហាងមួយចំនួន ខណៈមនុស្សចំនួន ៣៤នាក់ ត្រូវបានរង​របួស​ ដោយក្នុង​នោះ​មាន​កុមារ​៥​នាក់​។

ដំបូងឡើយ អាជ្ញាធរនៅទីក្រុងកៀវបាននិយាយថា ពុំមានការស្លាប់ជនស៉ីវិល ឬក៏ការបំផ្លិចបំផ្លាញ អគារស្នាក់នៅ ឬហេដ្ឋារចនាសម្ព័ន្ធ ត្រូវបានរាយការណ៍នោះទេ ខណៈមីស៉ីលនានា ដែលបាញ់មក រករដ្ឋធានីរបស់អ៊ុយក្រែន ត្រូវកម្ទេចបានទាំងអស់។

ការវាយប្រហារលើទីក្រុង Pavlohrad ដែលជាមជ្ឈមណ្ឌលផ្លូវដែកនេះ បានកើតឡើង ក្នុងរលក ទីពីរនៃការវាយប្រហារដោយមីស៊ីលទូទាំងប្រទេសក្នុងរយៈពេលបីថ្ងៃ ខណៈដែលទីក្រុងមូស្គូទំនង ជាបានបន្តយុទ្ធសាស្ត្រវាយប្រហាររយៈចម្ងាយឆ្ងាយរបស់ខ្លួនក្នុងរដូវរងារ៕