នាយករដ្ឋមន្ត្រីជប៉ុន លោក គីស៉ីដា នឹងបំពេញទស្សនកិច្ចទៅកាន់ កូរ៉េខាងត្បូង នៅថ្ងៃអាទិត្យចុង សប្ដាហ៍នេះ

 (តូក្យូ)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Kyodo នៅថ្ងៃអង្គារ ទី២ ខែឧសភា ឆ្នាំ២០២៣ អោយដឹងថា នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអុ គីស៉ីដា គ្រោងនឹងបំពេញទស្សនកិច្ច ទៅកាន់ប្រទេសកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ ខែឧសភានេះ ដើម្បីពិភាក្សា ការងារជាមួយ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល។

ទីភ្នាក់ងារសារព័ត៌មាន Kyodo ធ្វើសេចក្ដីរាយការណ៍បែបនេះ ដោយផ្អែកលើការស្រង់សម្ដីរបស់ លោក គីស៉ីដាផ្ទាល់ ដែលបានប្រាប់អ្នកសារព័ត៌មានក្នុងប្រទេសហ្កាណា ទីដែលលោកកំពុងបំពេញ ទស្សនកិច្ចផ្លូវការថាលោកកំពុងបញ្ចប់ផែនការបំពេញទស្សនកិច្ច ទៅជួបលោក យូន ហើយដែល ជំនួបនេះគឺជាឱកាសមួយសម្រាប់ការ ផ្ដោះប្ដូរយ៉ាងស្មោះត្រង់លើការជំរុញទំនាក់ទំនងរវាងប្រទេស ទាំង២។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក គីស៉ីដា នៅកូរ៉េខាងត្បូង ធ្វើឡើងនៅមុនពេលជប៉ុនត្រូវ ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល​ G7 ក្នុងទីក្រុងហ៉ីរ៉ូស៊ីម៉ា នៅក្នុង ខែឧសភានេះ និងបន្ទាប់ពីមេ ដឹកនាំនៃប្រទេសទាំង២ បានជួបគ្នាក្នុងទីក្រុងតូក្យូ កាលពីខែមីនា។ ភាគីទាំង២ បានឯកភាពគ្នាផង ដែរលើការផ្សះផ្សារជម្លោះទាក់ទងនឹង ប្រវត្តិសាស្ត្រកាលពីអំឡុងពេលសង្រ្គាម នៅកំលុងដំណើរ ទស្សនកិច្ចរបស់លោក យូន ដែលជាទស្សនកិច្ចជាលើកដំបូងបំផុតរបស់ប្រធានាធិបតីកូរ៉េខាងត្បូង ទៅកាន់ ប្រទេសជប៉ុន ក្នុងពេលជាង១២ឆ្នាំមកនេះ៕