(សេអ៊ូល)៖ ប្អូនស្រីបង្កើតរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន គឺអ្នកនាង គីម យ៉ូជុង (Kim Yo Jong) បានព្រមានថាកិច្ចព្រមព្រៀងមួយរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដែលមានគោលដៅពង្រឹងសមត្ថភាពរារាំង ប្រឆាំងនឹងទីក្រុងព្យុងយ៉ាង នឹងមានតែធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ និងគ្រោះថ្នាក់ខ្លាំងឡើងតែប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៩ ខែមេសា ឆ្នាំ២០២៣។
សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង កាលពីថ្ងៃពុធកន្លងទៅនេះ បានព្រមានធ្ងន់ៗថារបបដឹកនាំលោក គីម ជុងអ៊ុន នឹងដល់ថ្ងៃអវសាន ប្រសិនបើទីក្រុងព្យុងយ៉ាង ហ៊ានប្រើ អាវុធនុយក្លេអ៊ែរវាយប្រហារលើកូរ៉េខាងត្បូង ឬសហរដ្ឋអាមេរិក។ ជាការឆ្លើយតបទៅនឹងការព្រមាននេះ អ្នកនាង គីម យ៉ូជុង បាននិយាយថាកូរ៉េខាងជើងកាន់តែមាន ភាពជឿជាក់ថាមានតែការពង្រឹងសមត្ថភាពនុយក្លេអ៊ែរឱ្យកាន់តែខ្លាំងក្លាទេ ទើបអាចទប់ទល់នឹងការគំរាមកំហែងទាំងឡាយបាន។
អ្នកនាង គីម យ៉ូជុង តាមរយៈការដកស្រង់សម្ដីចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃសៅរ៍នេះ បានគូសបញ្ជាក់ដូច្នេះថា «ពួកសត្រូវបានបេ្ដជ្ញាចិត្ត លើការធ្វើសមយុទ្ធសង្រ្គាមនុយក្លេអ៊ែរ និងដាក់ពង្រាយអាវុធនុយក្លេអ៊ែរនៅជុំវិញតំបន់ឧបទ្វីបកូរ៉េ ដូច្នេះការអនុវត្តសិទ្ធិការពារខ្លួនយ៉ាងរឹងមាំរបស់ពួកយើងនឹងកា្លយជាការ ឆ្លើយតបយ៉ាងសមាមាត្រដោយផ្ទាល់ចំពោះពួកគេ»។ អ្នកនាង គីម បន្ថែមថាកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង នឹងមានធ្វើឱ្យសន្តិភាព និងសន្តិសុខនៃ តំបន់អាស៊ីភាគឦសាន និងពិភពលោកទាំងមូល កាន់តែមានគ្រោះថ្នាក់ ហើយវាជាសកម្មភាពមួយមិនអាចទទួលយកបានដាច់ខាត។