(តៃប៉ិ)៖ សេដ្ឋកិច្ចដែលពឹងផ្អែកលើការនាំចេញរបស់កោះតៃវ៉ាន់បានធ្លាក់ចុះខ្លាំងជាងការរំពឹងទុកនៅក្នុងត្រីមាសទីមួយ ហើយបានធ្លាក់ចូលទៅក្នុងការដើរថយក្រោយនៃសេដ្ឋកិច្ច ខណៈដែលការនាំចេញបានរងប៉ះពាល់ដោយការធ្លាក់ចុះតម្រូវការបច្ចេកវិទ្យាសកល និងបញ្ហាសេដ្ឋកិច្ចទូលំទូលាយ។
ទោះជាយ៉ាងណា សម្រាប់រយៈពេលពេញមួយឆ្នាំ សេដ្ឋកិច្ចរបស់កោះនេះគួរតែឈានដល់កម្រិតទិសដៅកំណើន ២ភាគរយនៅឆ្នាំនេះ។
ទីភ្នាក់ងារព័ត៌មានរយទ័របានរាយការណ៍ដោយដកស្រង់ទិន្នន័យបឋមដែលចេញផ្សាយដោយទីភ្នាក់ងារស្ថិតិកោះតៃវ៉ាន់កាលពីថ្ងៃសុក្រថា ផលិតផលក្នុងស្រុកសរុប (GDP) បានធ្លាក់ចុះ ៣,០២ភាគរយនៅក្នុងខែមករាដល់ខែមីនាធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន បន្ទាប់ពីការធ្លាក់ចុះ ០,៤១ភាគរយនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២២។
ការធ្លាក់ចុះនេះគឺជាលទ្ធផលដ៏អាក្រក់បំផុតរបស់សេដ្ឋកិច្ចគិតចាប់តាំងពីឆ្នាំ២០០៩ ហើយបានធ្លាក់ចុះខ្លាំងជាងការព្យាករនៅក្នុងការស្ទង់មតិរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រដែលថាធ្លាក់ចុះត្រឹមតែ ១,២៥ភាគរយ។
ដោយសំដៅល់វិបត្តិហិរញ្ញវត្ថុពិភពលោកឆ្នាំ២០០៨-២០០៩ លោកស្រី Wu Pei-hsuan មកពីអគ្គនាយកដ្ឋានថវិកា គណនេយ្យ និងស្ថិតិរបស់កោះតៃវ៉ាន់បានប្រាប់ក្រុមអ្នកយកព័ត៌មានថា៖ «ផលិតផលក្នុងស្រុកសរុបនៅត្រីមាសទី១ គឺអាក្រក់បំផុតគិតចាប់តាំងពីកើតមានវិបត្តិហិរញ្ញវត្ថុមក»។ លោកស្រីបន្ថែមថា៖ «តម្រូវការខាងក្រៅនៅត្រីមាសនេះខ្សោយ ប៉ុន្តែការប្រើប្រាស់ឯកជនមានភាពរឹងមាំ»។
ទោះជាយ៉ាងណា នាយកដ្ឋានស្ថិតិបានឱ្យដឹងថា ផលិតផលក្នុងស្រុកសរុបរយៈពេលពេញមួយឆ្នាំ២០២៣ នៅតែមានឱកាសដើម្បីឈានដល់សម្រេចបានទិសដៅកំណើន ២ភាគរយ។
យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ ការនាំចេញរបស់កោះតៃវ៉ាន់បានធ្លាក់ចុះ ៧ខែជាប់គ្នាគិតត្រឹមខែមីនាធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយរដ្ឋាភិបាលបានព្យាករថា ការធ្លាក់ចុះអាចនឹងបន្តកើតមានរហូតដល់យ៉ាងហោចណាស់ត្រីមាសទី៤៕