(គូឡាឡាំពួ)៖ សហរដ្ឋអាមេរិកបានដកបម្រាមនាំចូលដែលបានដាក់រយៈពេល ១៧ខែមកនេះលើផលិតផលស្រោមដៃកៅស៊ូរបស់ក្រុមហ៊ុនម៉ាឡេស៊ី Smart Glove ដោយនិយាយថា ក្រុមហ៊ុនបានដោះស្រាយបញ្ហាអនុវត្តពលកម្មបែបកេងប្រវ័ញ្ចរួចរាល់ហើយ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
អាជ្ញាធរគយនិងការការពារព្រំដែនសហរដ្ឋអាមេរិក (CBP) កាលពីខែវិច្ឆិកា ឆ្នាំ២០២១ បានដាក់ទណ្ឌកម្មលើការនាំចូលស្រោមដៃកៅស៊ូពីក្រុមហ៊ុន Smart Glove និងក្រុមហ៊ុនមួយចំនួនទៀតរបស់ក្រុមហ៊ុននេះខ្លួនជុំវិញការចោទប្រកាន់ថាបានប្រើប្រាស់កម្លាំងពលកម្មដោយបង្ខំនៅរោងចក្រផលិតរបស់ខ្លួន។
ក្រុមហ៊ុន Smart Glove ដែលផលិតស្រោមដៃសម្រាប់ប្រើប្រាស់ក្នុងឧស្សាហកម្មវេជ្ជសាស្ត្រ និងអាហារ បានឱ្យដឹងនៅពេលនោះថា ខ្លួនប្រឆាំងនឹងពលកម្មដោយបង្ខំ និងបានប្តេជ្ញាចំពោះសុខុមាលភាពរបស់បុគ្គលិកកម្មកររបស់ខ្លួន។
ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយកាលពីថ្ងៃពុធដោយអាជ្ញាធរ CBP ថា ក្រុមហ៊ុន Smart Glove បានចាត់វិធានការដោះស្រាយផ្សេងៗ រួមទាំងការសងថ្លៃជ្រើសរើសកម្មករដែលពលករចំណាកស្រុកបានបង់កន្លងមកឱ្យពួកគេវិញផងដែរ។ ក្រុមសកម្មជនបានឱ្យដឹងថា ការយកកម្រៃនេះបាននាំឱ្យឈានទៅរកការក្លាយជាទាសករបំណុល។
អាជ្ញាធរ CBP បានបន្ថែមថា ក្រុមហ៊ុន Smart Glove ក៏បានធ្វើអោយប្រសើរឡើងនូវជីវភាពរស់នៅរបស់កម្មករ និងបានអនុវត្តគោលនយោបាយ និងនិតិវិធីថ្មីៗដែលផ្តោតលើកម្មករផងដែរ។
ក្រុមហ៊ុននានារបស់ប្រទេសម៉ាឡេស៊ី រួមទាំងក្រុមហ៊ុនផ្គត់ផ្គង់ប្រេងដូង និងស្រោមដៃវេជ្ជសាស្រ្តសំខាន់ៗមួយចំនួនលំដាប់ពិភពលោក បានស្ថិតនៅក្រោមការត្រួតពិនិត្យកាន់តែខ្លាំងឡើងលើការសង្ស័យថាមានការរំលោភបំពានលើកម្មករបរទេស ដែលជាផ្នែកសំខាន់នៃកម្លាំងពលកម្មផលិតកម្មរបស់ប្រទេសនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕