ប្រទេសអាហ្វ្រិកខាងត្បូង គ្រោងដកខ្លួនចេញពីតុលាការ ICC បន្ទាប់ពីដីកាចាប់ខ្លួន លោក ពូទីន

 (ព្រីតូរីយ៉ា)៖  យោងតាមការចេញផ្សាយដោយ​ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០២៣ បានបញ្ជាក់ថា លោកប្រធានាធិបតី Cyril Ramaphosa បាននិយាយកាល ពីថ្ងៃអង្គារ (២៥ មេសា) ថា គណបក្សសភាជាតិអាហ្វ្រិកដែលកំពុងកាន់អំណាចរបស់លោក បាន សម្រេចថា អាហ្រ្វិកខាងត្បូងគួរតែដកខ្លួនចេញពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ​ (ICC) ដែលកាលពី ខែមុនបានចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។

តុលាការឧក្រិដ្ឋកម្មអន្តរជាតិ​ (ICC) បានចេញដីកាចាប់ខ្លួន លោក ពូទីន ក្នុងខែមីនា ដែលមាន ន័យថា ទីក្រុងព្រីតូរីយ៉ា ដែលគ្រោងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនៃប្លុកប្រេស៊ីល-រុស្ស៊ី ឥណ្ឌា ចិន និងអាហ្រ្វិកខាងត្បូង (BRICS) នៅឆ្នាំនេះ នឹងតម្រូវត្រូវចាប់ខ្លួនលោក ពូទីន នៅពេលមកដល់។

លោក Ramaphosa បាននិយាយក្នុងអំឡុងសន្និសីទសារព័ត៌មានមួយ ដែលរៀបចំឡើងជាមួយ ប្រធានាធិបតីហ្វាំងឡង់ លោក Sauli Niinisto ដែលកំពុងបំពេញទស្សនកិច្ចនៅប្រទេសហ្វាំងឡង់ ថា «បាទ គណបក្សកាន់អំណាច … បានទទួលយកការសម្រេចចិត្តថា វាជាការឆ្លាតវៃសម្រាប់ អាហ្វ្រិកខាងត្បូងក្នុងការដកខ្លួនចេញពី ICC»

លោក Ramaphosa បាននិយាយថា ការសម្រេចចិត្តនេះដែលបានធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំចុង សប្តាហ៍របស់គណបក្សក្នុងមតិភាគច្រើន ដោយសារតែអ្វីដែលត្រូវបានគេមើលឃើញថា មានអំពើ អយុត្តិធម៌របស់តុលាការចំពោះប្រទេសមួយចំនួន។

លោកបានមានប្រសាសន៍ថា «យើងចង់ឱ្យបញ្ហានៃការប្រព្រឹត្តអយុត្តិធម៌ត្រូវបានពិភាក្សាឱ្យបានល្អ ប៉ុន្តែក្នុងពេលជាមួយគ្នានេះ គណបក្សកាន់អំណាចបានសម្រេចចិត្តម្តងទៀតថាគួរតែដកខ្លួនចេញ»

គួរបញ្ជាក់ថា ដីកាចាប់ខ្លួន លោក ពូទីន ធ្វើឡើងបន្ទាប់ពីមានការចោទប្រកាន់ថា វិមានក្រឹមឡាំង បាននិរទេសកុមារអ៊ុយក្រែនដោយខុសច្បាប់។

ទាក់ទងនឹងថាតើអាហ្រ្វិកខាងត្បូងនឹងចាប់ខ្លួនលោកពូទីនឬយ៉ាងណានោះ លោក Ramaphosa បាននិយាយថា «បញ្ហានេះកំពុងស្ថិតក្រោមការពិចារណា»។ ទោះជាយ៉ាងណា អគ្គលេខាធិការ​បក្ ស​លោក Fikile Mbalula បាន​ប្រកាស​មុន​នេះ​ថា «លោក ពូទីន ​អាច​មក​ប្រទេសនេះ​ពេលណាក៏ បាន»។ លោក Mbalula បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ដាច់​ដោយ​ឡែក​មួយ​ថា «តុលាការ​ឧក្រិដ្ឋ កម្ម​អន្តរជាតិ​នេះ​មិន​បម្រើ​ផល​ប្រយោជន៍​របស់​មនុស្ស​ទាំង​អស់​នោះ​ទេ ប៉ុន្តែ​សម្រាប់​តែ​មនុស្ស​មួយ ចំនួន​ប៉ុណ្ណោះ»