ប្រព័ន្ធការពារដែនអាកាសអាមេរិក Patriot ត្រូវបានប្រគល់ដល់ដៃអ៊ុយក្រែន

 (កៀវ)៖  តាមការដកស្រង់ចេញ ផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AP នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា ឆ្នាំ២០២៣ បានបញ្ជាក់ថា រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន នៅថ្ងៃពុធសប្ដាហ៍នេះបាន ទទួលស្គាល់ថាប្រព័ន្ធការពារដែនអាកាសអាមេរិក Patriot ត្រូវបានប្រគល់ដល់ដៃអ៊ុយក្រែនហើយ ដែល នឹងផ្ដល់ឱ្យទីក្រុងកៀវនូវខែលការពារដែលខ្លួនចង់បានជាយូរមកហើយ ដើម្បីទប់ទល់នឹងការ វាយប្រហារតាមផ្លូវអាកាសពីសំណាក់រុស្ស៉ី។

សហរដ្ឋអាមេរិក កាលពីខែតុលា ឆ្នាំ២០២២ បានសន្យាបញ្ជូនប្រព័ន្ធការពារដែនអាកាស Patriot សម្រាប់អ៊ុយក្រែន។ ប្រព័ន្ធការពារដែនអាកាសនេះមានសមត្ថភាពប្រឆាំង យន្ដហោះចម្បាំង មីស៊ីលគ្រូស និងមីស៊ីលបាលិស្ទីគរយៈចម្ងាយខ្លី សុទ្ធសឹងជាអាវុធដែលរុស្ស៉ី បាន និងកំពុងប្រើ ដើម្បីវាយប្រហារតាមផ្លូវអាកាសដោយបានបំផ្លិចបំផ្លាញ ទីក្រុង និងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ក្នុងប្រទេសអ៊ុយក្រែន។

នៅក្នុងសារមួយបង្ហោះលើ Twitter រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន​ លោក អូឡិចស៊ី រ៉េសនីកូវ (Oleksii Reznikov) បានគូសបញ្ជាក់យ៉ាងខ្លីដូច្នេះថា «នៅថ្ងៃនេះ (ថ្ងៃពុធ ទី១៩ ខែមេសា) ផ្ទៃមេឃដ៏ស្រល់ស្អាតរបស់អ៊ុយក្រែននឹងកាន់តែមានសុវត្ថិភាពជាងមុន»។ ប៉ុន្តែ លោក រ៉េសនីកូវ មិនបានបញ្ជាក់លម្អិតថាតើអ៊ុយក្រែនទទួលបាន ប្រព័ន្ធមីស៊ីល Patriot ចំនួនប៉ុន្មាននោះទេ ដោយគ្រាន់តែបានអរគុណយ៉ាងខ្លាំងដល់សហរដ្ឋអាមេរិក អាល្លឺម៉ង់ និងសម្ព័ន្ធមិត្តដទៃទៀត៕