(ខាទុំ)៖ យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា ឆ្នាំ២០២៣ អោយដឹងថា ការប៉ុនប៉ងបង្កើតបទឈប់បាញ់ថ្មីមួយរវាងកងទ័ពស៊ូដង់ និងកងកម្លាំងប្រដាប់អាវុធនៅក្នុងរដ្ឋធានីខាទុំ (Khartoum) រហូតមកដល់ពេលនេះនៅមិនទាន់ ទទួលបាន ជោគជ័យទេ ដែលបង្កើនការព្រួយបារម្ភអំពីការថយចុះលើការផ្គត់ផ្គង់ស្បៀងអាហារ និងផលប៉ះពាល់ដល់ការផ្តល់សេវាវេជ្ជសាស្រ្តសំខាន់ៗ ខណៈប្រជាជនរាប់ពាន់នាក់ នាំគ្នាភៀស ខ្លួនចេញពីរដ្ឋធានី។
បទឈប់បាញ់រយពេល ២៤ម៉ោងដែលបញ្ចុះបញ្ចូលដោយប្រទេសមួយចំនួន ដើម្បីព្យាយាម ជម្លៀសពលរដ្ឋរបស់ពួកគេ បន្ទាប់ពីជម្លោះជាច្រើនថ្ងៃ ត្រូវបានគេសន្មត់ថានឹង ចូលជាធរមាននៅ ម៉ោង ៦ល្ងាច (ម៉ោងក្នុងតំបន់)។ យ៉ាងនេះក្តី សាក្សីនៅរដ្ឋធានីខាទុំ និយាយថា ពួកគេនៅតែឃើញ មានការប្រយុទ្ធគ្នាកំពុងបន្ត នៅថ្ងៃពុធសប្តាហ៍នេះ។ នៅព្រឹកថ្ងៃដដែល ការទម្លាក់គ្រាប់បែកជាបន្ត បន្ទាប់កើតមាននៅកណ្តាលរដ្ឋធានីខាទុំ ជុំវិញបរិវេណទីបញ្ជាការកងទ័ព ជាកន្លែងដែលមេដឹកនាំ យោធារបស់ប្រទេសស៊ូដង់ លោកឧត្តមសេនីយ៍ អាប់ឌែល ហ្វាតាស អាល់ បួហាន់ (Abdel Fattah al-Burhan) អះអាងថាខ្លួនកំពុងគ្រប់គ្រងកាលពីដើមសប្តាហ៍នេះ។ តែវាមិនច្បាស់ទេថាតើលោក នៅ តែស្ថិតនៅទីនោះឬអត់ នោះទេ៕