មនុស្សម្នាក់ស្លាប់ និងរបួស ៥នាក់ ក្នុងហេតុការណ៍បាក់រលំអគារ នៅទីក្រុងញូវយ៉ក


 (ញូវយ៉ក)៖  យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៩ ខែមេសា ឆ្នាំ២០២៣ អោយដឹងថា ក្រុមមន្ត្រីអាមេរិក បាននិយាយថា អគារសម្រាប់ចតរថយន្តកម្ពស់ ៤ជាន់ មួយស្ថិតនៅក្នុងសង្កាត់ឡូវឺ មែនហាធែន (Lower Manhattan) នៃទីក្រុងញូវយ៉ក ស្ថិតនៅក្បែ សាកលវិទ្យាល័យ Pace University និងផ្សារហ៊ុនញូវយ៉ក បានបាក់រលំកាលពីថ្ងៃអង្គារសប្តាហ៍នេះ ដោយសម្លាប់កម្មករម្នាក់ និងរងរបួស ៥នាក់។

ក្រោយពេលកើតហេតុ និស្សិត សាស្ត្រាចារ្យ និងបុគ្គលិកដែលប្រើប្រាស់ចំណតរថយន្តនេះ ត្រូវបាន ជម្លៀសចេញដោយប្រុងប្រយ័ត្ន។ បុគ្គលិកសង្គ្រោះបន្ទាន់បានប្រើប្រាស់ ឧបករណ៍ស្វ័យប្រវត្តិ ដើម្បី ត្រួតពិនិត្យរកជនរងគ្រោះបន្ថែមទៀត បន្ទាប់ពីក្រុមពន្លត់អគ្គីភ័យបានទាញយកមនុស្សចេញពី​សំណង់បែកបាក់ ប៉ុន្តែក្រុមមន្ត្រីជឿថាជនរងគ្រោះ ទាំងអស់ត្រូវបានរាប់បញ្ចូលរួចហើយ គ្មានការ សង្ស័យណាមួយក្រៅពីតួលេខនេះទេ។ មនុស្ស ៦នាក់ដែលស្លាប់ និងរបួស គឺជាកម្មករដែលស្ថិត នៅក្នុងអគារចំណតនេះ មុនពេលបាក់រលំ។

ស្នងការប៉ូលិសក្រុងញូវយ៉ក លោកស្រី ឃឺឆែន ស៉ីវ៉ែល (Keechant Sewell) បានប្រាប់អ្នកយក ព័ត៌មានឲ្យដឹងថា «យើងមិនជឿថាមានហេតុផលអ្វីផ្សេងក្រៅពី ការដួលរលំអគារនោះទេ»

គួរបញ្ជាក់ថា បើតាមកំណត់ត្រាតាមអ៊ីនធឺណិតរបស់នាយកដ្ឋានសំណង់អគារទីក្រុងញូវយ៉ករចនា សម្ព័ន្ធនៅកន្លែងនៃការដួលរលំខាងលើនេះ ធ្លាប់បំពានបទដ្ឋានសុវត្ថិភាព ចំនួន ៤៥លើក ក្នុងនោះ មាន ២៥លើក គិតចាប់តាំងពីឆ្នាំ២០០៣ ដែលភាគច្រើនទាក់ទងនឹងជណ្តើរយន្ត ខណៈការពិន័យ ពីការបំពានមួយលើកៗ គឺ ៨០០ដុល្លារអាមេរិក៕