(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣នេះ បានរៀបចំកម្មវិធី បញ្ជ្រាបការយល់ដឹងស្តីពី «មុខងាររៀបចំផែនការថវិកា» ជូនថ្នាក់ដឹកនាំ និង មន្ត្រីជំនាញ នៃក្រសួង-ស្ថាប័នចំនួន ១៤ បន្ថែម បន្ទាប់ពីបានដាក់ឲ្យអនុវត្តនៅក្រសួង-ស្ថាប័នចំនួន២៥។
កម្មវិធីនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី, រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដោយមាន ការចូលរួមពីថ្នាក់ដឹកនាំ និង មន្រ្តីជំនាញ មកពីក្រសួង-ស្ថាប័នចំនួន ១៤ (ក្រសួងព្រះបរមរាជវាំង, ទីស្តីការគណៈរដ្ឋមន្ត្រី, ក្រសួងការពារជាតិ, ក្រសួងមហាផ្ទៃ, ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច, ក្រសួងសុខាភិបាល, ក្រសួងរ៉ែ និងថាមពល, ក្រសួងផែនការ, ក្រសួង អប់រំ យុវជន និងកីឡា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងធម្មការ និងសាសនា, គណៈគម្មា ធិការជាតិរៀបចំការបោះឆ្នោត, ក្រសួងមុខងារសាធារណៈ, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេក វិទ្យា និង នវានុវត្តន៍)។
ថ្លែងក្នុងពិធីនោះ ឯកឧត្តម បណ្ឌិតសភាចារ្យ បានគូសរំលេចពីគោលបំណងសំខាន់នៃកម្មវិធីនាថ្ងៃ នេះ គឺការបង្ហាញ និង ការពន្យល់អំពីទិដ្ឋភាពទូទៅរបស់ «មុខងាររៀបចំផែនការថវិកា» នៃប្រព័ន្ធ FMIS ជូនថ្នាក់ដឹកនាំ និង មន្ត្រីជំនាញពាក់ព័ន្ធ នៃក្រសួង-ស្ថាប័នចំនួន ១៤ រួមទាំងអង្គភាពថវិកា អាណាប័កផ្ទេរសិទ្ធិពេញលេញនៅថ្នាក់កណ្តាល ដែលមិនទាន់បានប្រើប្រាស់មុខងាររៀបចំផែន ការថវិកា ឲ្យបានដឹងនូវព័ត៌មាន និង ផ្តល់មូលដ្ឋាន សម្រាប់ការត្រៀមចូលរួមអនុវត្តសកម្មភាពនានា ជាមួយក្រុមការងារគ្រប់គ្រងគម្រោង FMIS ដើម្បីឈានដល់ការប្រើប្រាស់មុខងាររៀបចំផែនការ ថវិកានេះ នៅក្នុងឆ្នាំ ២០២៤។
ឯកឧត្តម បណ្ឌិតសភាចារ្យ បានជម្រាបជូនអង្គពិធីអំពីតួនាទីដ៏សំខាន់ និង មិនអាចខ្វះបាននៃ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ដែលបានក្លាយជា ចន្ទល់ និង ជាឧបករណ៍ដ៏ចាំបាច់ ក្នុងការគាំទ្រដល់ដំណើរការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ ពីដំណាក់កាលមួយទៅដំណាក់កាលមួយ ស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ពោល គឺ «វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង នវានុវត្តន៍ មាន តួនាទីកាន់តែសំខាន់ ក្នុងការរក្សាចីរភាព នៃកំណើនសេដ្ឋកិច្ច និង ជំរុញផ្លែផ្កានៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចប្រកបដោយបរិយាបន្ន»។
ជាក់ស្តែង, ប្រព័ន្ធ FMIS ត្រូវបានទទួលស្គាល់ពីស្ថាប័នអនុវត្តប្រព័ន្ធផ្ទាល់ រួមទាំងដៃគូរអភិវឌ្ឍន៍ មានជាអាទិ៍ សហភាពអឺរ៉ុប, មូលនិធិរូបិយវត្ថុអន្តរជាតិ, ធនាគារពិភពលោក និង ធនាគារអភិវឌ្ឍន៍ អាស៊ី ចំពោះប្រសិទ្ធភាព និង ភាពចាំបាច់មិនអាចខ្វះបាននៃប្រព័ន្ធនេះ។ ប្រព័ន្ធ FMIS ក៏បាន និង កំពុងក្លាយជាកាតាលីករ និង ជាកម្លាំងអូសទាញដល់សកម្មភាពការងារកែទម្រង់គន្លឹះនានា ដែល កំពុងមានភាពអសកម្ម ឬ ជាប់គាំង ឬ កំពុងមានភាពយឺតយ៉ាវក្នុងការអនុវត្តឲ្យបានតាមផែនការ។
គិតមកដល់ពេលនេះ, ប្រព័ន្ធ FMIS ត្រូវបានដាក់ឲ្យប្រើប្រាស់រួចហើយ នូវមុខងារស្នូលនៅអង្គភាព ទទួលបន្ទុកហិរញ្ញវត្ថុ និងអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញថ្នាក់កណ្តាល នៃក្រសួង-ស្ថាប័នទាំងអស់ រួមជាមួយនឹងអង្គភាពសំខាន់ៗនៅតាមរាជធានី-ខេត្ត រួមមាន មន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, រតនាគារ និង រដ្ឋបាល រាជធានី-ខេត្ត និងកំពុងតែបន្តដំណើរពង្រីកការប្រើប្រាស់ មុខងារ ស្នូលនេះ ទៅកាន់ការដ្ឋានថ្មីៗ ជាបន្តបន្ទាប់ទៀត នៅទូទាំងប្រទេស រួមជាមួយនឹងការអភិវឌ្ឍ និង ពង្រីកការប្រើប្រាស់មុខងារថ្មីបន្ថែមរបស់ប្រព័ន្ធ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អង្គភាព ប្រើប្រាស់។ ជាក់ស្តែង, កម្មវិធីនាថ្ងៃនេះ គឺជាសកម្មភាពពង្រីកការប្រើប្រាស់មុខងារបន្ថែមនៃប្រព័ន្ធ FMIS គឺ «មុខងាររៀបចំផែនការថវិកា» ទៅកាន់ក្រសួង-ស្ថាប័ន ចំនួន ១៤ បន្ថែម រួមទាំងអង្គភាព ថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញនៅថ្នាក់កណ្តាល ដែលគ្រោងប្រើប្រាស់ចាប់ពីឆ្នាំ ២០២៤ តទៅ៕