លោក ដូណាល់ ត្រាំ ទៅដល់ទីក្រុងញូវយ៉ក មុនចូលបង្ហាញខ្លួនក្នុងតុលាការ


 (វ៉ាស៊ីនតោន)៖ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៤ ខែមេសា ឆ្នាំ២០២៣ បានប្រាប់អោយដឹងថា អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ​ បានធ្វើដំណើរទៅដល់ទីក្រុងញូវយ៉កហើយនៅថ្ងៃចន្ទសប្ដាហ៍នេះ (ពេលវេលានៅអាមេរិក) សម្រាប់ ការបង្ហាញខ្លួន ជាលើកដំបូងចំពោះមុខតុលាការ ដើម្បីប្រឈមនឹងការចោទប្រកាន់ ពាក់ព័ន្ធនឹងការ សូកលុយបំបិតមាត់តារាថតកុនកូនជ្រូកម្នាក់ កុំឱ្យនិយាយពីរឿងអាស្រូវផ្លូវភេទ នៅមុនការបោះ ឆ្នោត ប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦។

យន្ដហោះដឹកលោក ដូណាល់ ត្រាំ បានចុះចតនៅឯអាកាសយានដ្ឋាន LaGuardia Airport ក្នុងទីក្រុងញូវយ៉ក កាលពីរសៀលថ្ងៃចន្ទ។ នៅក្នុងសារមួយបង្ហាញលើបណ្ដាញទំនាក់ទំនងសង្គម Truth Social មុនចាកចេញដំណើរ អតីតប្រធានាធិបតីអាមេរិក បានសរសេរយ៉ាងដូច្នេថា «ធ្វើ ដំណើរឆ្ពោះទៅកាន់ទីក្រុងញូវយ៉ក ដើម្បីធ្វើឱ្យសហរដ្ឋអាមេរិកអស្ចារ្យម្ដងទៀត»។ បន្ថែមពីលើនេះ លោក ត្រាំ ក៏បានបង្ហោះរូបភាពមួយចំនួនផងដែរ ដែលបង្ហាញពីសកម្មភាពអ្នកគាំទ្រជូនដំណើរ រូបលោក ចេញពីរដ្ឋផ្ល័រីដា និងបានស្នើឱ្យអ្នកគាំទ្របរិច្ចាគប្រាក់សម្រាប់ យុទ្ធនាការឃោសបោះឆ្នោត របស់លោក៕