(ភ្នំពេញ)៖ នៅវេលាម៉ោង១០៖២០នាទីព្រឹក ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅដល់រដ្ឋធានីវៀតចន្ទន៍ ប្រទេសឡាវហើយ ដើម្បីចូលរួមកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៤ ។
ការអញ្ជើញទៅដល់ប្រទេសឡាវរបស់ សម្តេចតេជោ ហ៊ុន សែន ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ ក្តៅពីមន្ត្រីជាន់ខ្ពស់ឡាវ នៅឯព្រលានយន្តហោះ ខណៈដែលការអញ្ជើញរបស់សម្តេចតេជោនាយក រដ្ឋមន្ត្រី ធ្វើឡើងតបតាមការអញ្ជើញរបស់លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ។
អញ្ជើញអមដំណើរសម្តេចតេជោនាយករដ្ឋមន្ត្រីទៅកាន់ ប្រទេសឡាវលើកនេះ រួមមាន ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការជាតិទន្លេ មេគង្គកម្ពុជា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ព្រមទាំងមន្ត្រីជាន់ខ្ពស់ដទៃទៀត នៃរាជរដ្ឋាភិបាលកម្ពុជា។
បើតាមក្រសួងការបរទេសកម្ពុជា, កិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៤ ដែលធ្វើឡើង នៅប្រទេសឡាវ នាថ្ងៃទី០៥ ខែមេសា នឹងធ្វើឡើងក្រោមមូលបទ «នវានុវត្តន៍ និងកិច្ចសហប្រតិបត្តិ ការសម្រាប់អាងទន្លេមេគង្គ ដែលមានសន្តិសុខទឹក និងប្រកបដោយចីរភាព»។
កិច្ចប្រជុំកំពូលខាងលើ នឹងពិនិត្យឡើងវិញអំពីវឌ្ឍនភាព និងសមិទ្ធផលសំខាន់ៗ ដែលគណៈ កម្មការទន្លេមេគង្គសម្រេចបានតាមរយៈ ការលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរួមគ្នា និងភាពជាដៃគូ ឆ្ពោះទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងអាងទន្លេមេគង្គ ចាប់តាំងពីកិច្ច ប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៣ កាលពីឆ្នាំ២០១៨ នៅប្រទេសកម្ពុជា។ កិច្ចប្រជុំក៏នឹងពិភាក្សាអំពីបញ្ហាប្រឈម ដែលកំពុងកើតមាននៅក្នុងអាងទន្លេមេគង្គ និងកំណត់ទិស ដៅយុទ្ធសាស្ត្រនាពេលអនាគត ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមក្នុងអាងទន្លេមេគង្គឱ្យកាន់ តែមានប្រសិទ្ធភាព ព្រមទាំងបន្តជំរុញកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូក្នុងតំបន់ សម្រាប់ចីរភាព ទន្លេមេគង្គ។
សូមបញ្ជាក់ថា គណៈកម្មការទន្លេមេគង្គ (MRC) គឺជាស្ថាប័នអន្តររដ្ឋាភិបាល ដែលបំពេញការងារ ដើម្បីជួយសម្រួលដល់កិច្ចសហប្រតិបត្តិការជុំវិញការអភិវឌ្ឍ និងគ្រប់គ្រងតំបន់អាងទន្លេមេគង្គ ប្រកបដោយចីរភាព។
សមាជិករបស់គណៈកម្មការនេះ រួមមាន ប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម។ គណៈកម្មការទន្លេមេគង្គបំពេញតួនាទីជាវេទិកាសម្រាប់ការទូតផ្នែកទឹក និងកិច្ចសហប្រតិបត្តិការថ្នាក់តំបន់ ដែលតាមរយៈវេទិកានេះ ប្រទេសជាសមាជិកធ្វើការចែករំលែកអត្ថប្រយោជន៍ ដែលបានពីធន ធានទឹករួម និងឆ្លើយតបចំពោះបញ្ហាប្រឈមឆ្លងដែននៅក្នុងតំបន់អាងទន្លេនេះ បើទោះបីជា ប្រទេសសមាជិកទាំងនេះ មានផលប្រយោជន៍ជាតិខុសគ្នាយ៉ាងណាក៏ដោយ។
គណៈកម្មការនេះ ក៏បំពេញតួនាទីជាមជ្ឈមណ្ឌលចំណេះដឹង សម្រាប់ជំរុញឱ្យមានការតាក់តែងគោលនយោបាយ ផ្អែកតាមភស្តុតាងជាក់ស្ដែងផងដែរ។ គណៈកម្មការនេះ ផ្ដល់ជំនួយបច្ចេកទេស និងបង្កើតជាឧបករណ៍ដើម្បីជួយឱ្យប្រទេសជាសមាជិកធ្វើការសម្រេចចិត្តផ្អែកតាមព័ត៌មានត្រឹម ត្រូវ។
គណៈកម្មការទន្លេមេគង្គ ត្រូវបានបង្កើតឡើង នៅពេលប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម ចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព នៅតំបន់អាងទន្លេមេគង្គ ដែលហៅកាត់ថា កិច្ចព្រមព្រៀងមេគង្គ កាលពីថ្ងៃទី ៥ ខែមេសា ឆ្នាំ១៩៩៥ (1995 Mekong Agreement) ។
ប្រទេសជាសមាជិកបានឯកភាពសហការជាមួយគ្នាលើវិស័យជាច្រើន ដូចជាវិស័យនេសាទ ការ គ្រប់គ្រងទឹកជំនន់ ធារាសាស្ដ្រ វារីអគ្គិសនី និងនាវាចរណ៍។ ប្រទេសចិន និងមីយ៉ាន់ម៉ា ដែលស្ថិត នៅផ្នែកខាងលើបង្អស់នៃលំហូរទន្លេមេគង្គ គឺជាដៃគូសន្ទនារបស់ MRC ចាប់ពីតាំងពីឆ្នាំ ១៩៩៦មក៕