រុស្ស៉ី នឹងបង្កើនវត្តមានយោធានៅភាគពាយព្យ ខណៈហ្វាំងឡង់ចូលជាសមាជិក NATO


 (មូស្គូ)៖  យោងតាមការដកស្រង់ផ្សាយពី ទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី RIA នៅថ្ងៃអង្គារ ទី៤ ខែមេសា ឆ្នាំ២០២៣ បានបញ្ជាក់ថា អនុរដ្ឋមន្ត្រីការបរទេសរុស្ស៉ី លោក អាឡិចសាន់ដឺ គ្រូសកូ (Alexander Grushko) បាននិយាយថា ទីក្រុងមូស្គូនឹងពង្រឹងសមត្ថភាពយោធារបស់ខ្លួន នៅក្នុង តំបន់ភាគខាងលិច និងភាគពាយ័ព្យ ដើម្បីជាការឆ្លើយតបទៅនឹងការរំពឹងទុកថាហ្វាំងឡង់ នឹងក្លាយ ជាសមាជិកអង្គការណាតូ (NATO) នៅថ្ងៃអង្គារសប្ដាហ៍នេះ។

ប្រទេសហ្វាំងឡង់ និងស៊ុយអែត បានដាក់ពាក្យចូលជាសមាជិកអង្គការណាតូ កាលពីឆ្នាំ២០២២ បន្ទាប់ពីរុស្ស៊ីបើកការឈ្លានពានអ៊ុយក្រែន។ ហ្វាំងឡង់មានព្រំដែនប្រវែង ១,៣០០គីឡូម៉ែត្រ ជាមួយរុស្ស៉ី ដែលងាយនឹងប្រឈមជាមួយទីក្រុងមូស្គូក្នុងករណីមានបញ្ហាកើតឡើង។ លោក គ្រូសកូ បានប្រាប់ RIA យ៉ាងដូច្នេះថា «យើងនឹងពង្រឹងសក្ដានុពលយោធា របស់យើង នៅភាគខាង លិច និងភាគពាយ័ព្យ។ ក្នុងករណីដែលកងកម្លាំងនៃសមាជិកណាតូផ្សេងទៀត ត្រូវបានដាក់ពង្រាយ នៅក្នុងប្រទេសហ្វាំងឡង់ យើងនឹងចាត់វិធានការបន្ថែម ដើម្បីធានាសន្តិសុខរុស្ស៉ី ប្រកបដោយភាព ជឿជាក់»

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២២កន្លងទៅ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក សឺហ្គៃ សយហ្គូ (Sergei Shoigu) ក៏ធ្លាប់បានលើកឡើងដែរថា រុស្ស៉ីកំពុងចាត់វិធានការឆ្លើយតបយ៉ាង សមស្រប ហើយនឹង បង្កើតអង្គភាព និងកងពលតូចចំនួន១២ នៅក្នុងតំបន់យោធាភាគខាងលិចរបស់ខ្លួន៕