សេតវិមាន អោយដឹងថា សមរភូមិវាយប្រហារប្រយុទ្ធ ដើម្បីទីក្រុង Bakhmut មិនទាន់បញ្ចប់ នៅឡើយទេ

 (វ៉ាស៊ីនតោន)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៤ ខែមេសា ឆ្នាំ២០២៣ អោយដឹងថា សេតវិមាន នៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បាននិយាយ ថាសមរភូមិប្រយុទ្ធដើម្បីទីក្រុងបាកមូត (Bakhmut) មិនទាន់បញ្ចប់នៅឡើយទេ ហើយទាហាន អ៊ុយក្រែននៅតែបន្តតស៊ូប្រយុទ្ធការពារទីក្រុងមួយនេះ ពីកណ្ដាប់ដៃទាហានស៉ីឈ្នួលរុស្ស៉ី។

ថ្លែងប្រាប់អ្នកសារព័ត៌មាន អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខសេតវិមាន លោក John Kirby បាន បញ្ជាក់ទៀតថាទាហានអ៊ុយក្រែនមិនបានដកថយចេញពីទីក្រុងបាកមូតនោះទេ ហើយ ជំនួយយោ ធាបន្ថែមរបស់សហរដ្ឋអាមេរិក សម្រាប់ទីក្រុងកៀវ អាចនឹងត្រូវបានប្រកាសនៅក្នុងសប្ដាហ៍នេះ។ ការលើកឡើងរបស់លោក John Kirby កើតមានឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីអ៊ុយក្រែន ក៏បានអះអាងដូចគ្នាដែរថាទាហានរុស្ស៉ីមិនទាន់អាចគ្រប់គ្រងទីក្រុងបាកមូតបាន ដូចដែលថៅកែ ក្រុមហ៊ុនទាហានស៉ីឈ្នួលរុស្ស៉ី Wagner ប្រកាសពីការវាយគ្រប់គ្រង បានទីក្រុងមួយនេះនោះ ឡើយ។

គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ក្រុមហ៊ុនទាហានស៉ីឈ្នួលរុស្ស៉ី Wagner បានអះអាង ថាទាហានរបស់ខ្លួនបានវាយកាន់កាប់បានសាលាក្រុងបាកមូតហើយ ដែលនេះមានន័យ ថាពួកគេ វាយគ្រប់គ្រងបានទីក្រុងនេះ។ ប៉ុន្តែ ខាងក្រសួងការពារជាតិរុស្ស៉ីក៏មិនទាន់បានទទួលស្គាល់ជ័យ ជម្នះកាន់កាប់ទាំងស្រុងលើទីក្រុងបាកមូតនោះដែរ៕