រដ្ឋមន្ត្រីពាណិជ្ជកម្ម ចុះធ្វើទស្សនកិច្ចនៅសត្តឃាតដ្ឋានជ្រូក និងរោងចក្រផលិតចំណីអាហារ របស់ក្រុមហ៊ុន CP

 (កំពត)៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ បានដឹកនាំប្រតិភូក្រសួងពាណិជ្ជកម្ម ទៅទស្សនកិច្ចនៅសត្តឃាតដ្ឋានជ្រូក និងរោងចក្រផលិត ចំណីអាហារ របស់ក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា ចំកាត់ ដែលមានទីតាំងនៅភូមិឈើទាល ឃុំជំពូវ័ន ស្រុកជុំគិរី ខេត្តកំពត។

ដំណើរទស្សនកិច្ចនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការ អង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ និងជាអ្នកនាំពាក្យព្រឹទ្ធសភា, លោក គង់ សារាជ ប្រធានគណៈកម្មការសាធារណការដឹកជញ្ជូន អាកាសចរស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគររូបនីយកម្ម និងសំណង់, លោក WITTAYA Kreangkriwit នាយកក្រុមហ៊ុន ស៊ី.ភី.ខេមបូឌា ចំកាត់, លោក PAITOON Wongkatawethin នាយករងក្រុមហ៊ុន ស៊ី.ភី.ខេមបូឌា ចំកាត់ ព្រមទាំងមន្រ្តីជំនាញនៃក្រសួង ពាណិជ្ជកម្ម និងស្ថាប័នពាក់ព័ន្ធជាច្រើនរូប។

ឯកឧត្តម ប៉ាន សូរស័ក្តិ បានជួបពិភាក្សាសន្ទនាជាមួយលោក ម៉ម ប៊ុននាង, លោក គង់ សារាជ និងតំណាងក្រុមហ៊ុនស៊ី.ភី. អំពីតួនាទីរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការតាមដានជាប្រចាំនូវថ្លៃទំនិញ សាច់ជ្រូកលក់នៅលើទីផ្សារ និងរៀបចំរបាយការណ៍ ស្តីពីស្តុកសន្និធិស្បៀងត្រៀមបម្រុងយុទ្ធ សាស្ត្ររបស់រាជរដ្ឋាភិបាល និងសភាពការណ៍ថ្លៃទំនិញសំខាន់ៗដទៃចាំបាច់ ប្រចាំជីវភាពដែល បានប្រមូលពីទីផ្សាររាជធានី-ខេត្ត។

ក្នុងកិច្ចសន្ទនានេះ អង្គប្រជុំបានពិភាក្សាពីសក្តានុពលនៃការវិនិយោគលើប្រតិបត្តិការផលិតកម្ម និងអាជីកម្មជ្រូករបស់ក្រុមហ៊ុនស៊ី.ភី ក្នុងការធ្វើឱ្យមានតុល្យភាពនៃសេចក្តីត្រូវការនៃផលិតផល សាច់ជ្រូកក្នុងស្រុក ជាមួយផលិតកម្មក្នុងស្រុក ព្រមទាំងពង្រឹងសុវត្ថិភាពចំណីអាហារ និងប្រមូល ទិញកសិផលមួយចំនួន សម្រាប់ធ្វើជាចំណីសត្វ ដូចជា ពោតក្រហម ដំឡូងមី កន្ទក់ កញ្ចុងអង្ករ និងស្រូវ ។

ឯកឧត្តម រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានណែនាំដល់ក្រុមហ៊ុន នូវអនុសាសន៍សំខាន់ៗមួយចំនួន រួមមាន៖

១៖ បង្កើនវិសាលភាពនៃការប្រមូលទិញជ្រូក ពីកសិដ្ឋានក្នុងស្រុក ដោយត្រូវយកចិត្តទុកដាក់ខ្ពស់ ទៅលើទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម
២៖ បន្តចូលរួមយ៉ាងសកម្មជាមួយក្រសួងពាណិជ្ជកម្ម ក្នុងការបង្កើនវិសាលភាពនៃការប្រមូលទិញ ធាតុចូលកសិកម្ម របស់កសិករក្នុងស្រុក សម្រាប់ផលិតជាចំណីសត្វផ្សេងៗ

៣៖ បង្កើនគុណភាពចំណីសត្វ ឱ្យស្របតាមស្តង់ដារអន្តរជាតិ សម្រាប់ការកែទម្រង់ផលិតកម្មសត្វ ក្នុងស្រុក ឱ្យមានគុណភាព និងសុវត្ថិភាពសម្រាប់អ្នកបរិភោគ ពិសេសបង្កើនសមត្ថភាពផ្គត់ផ្គង់ របស់ផលិតករក្នុងស្រុកនៅពេលពួកគេប្រើប្រាស់ចំណីសត្វ ដែលមានគុណភាព និងតម្លៃសមរម្យ ដែលអាចពង្រីកលទ្ធភាពនៃការជ្រៀតចូលទីផ្សារ ក្នុងនិងក្រៅប្រទេស ឱ្យបានកាន់តែទូលំទូលាយ និងមានចីរភាព

៤៖ បង្កើនសហប្រតិបត្តិការ ឱ្យបានពេញលេញជាមួយមន្ទីរពាណិជ្ជកម្ម នៅតាមខេត្តគោលដៅ ដើម្បីរៀបចំផែនការប្រមូលទិញធាតុចូលកសិកម្ម សម្រាប់ចំណីសត្វ ព្រមទាំងតាមដាន និងទប់ស្កាត់ ការធ្លាក់ថ្លៃតម្លៃនៃផលិតផលកសិកម្មនានា៕