បេឡារុសថានឹងទទួលឱ្យរុស្ស៉ីដាក់ពង្រាយអាវុធនុយក្លេអ៊ែរ ដោយសារតែសម្ពាធរបស់លោកខាងលិច

 (មីនស្កិ៍)៖  តាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៨ ខែមីនា ឆ្នាំ ២០២៣ បានបញ្ជាក់ថា នៅថ្ងៃអង្គារនេះ បេឡារុសបានចេញមុខនិយាយថា ខ្លួនត្រូវបានបង្ខំឱ្យ ទទួលយកការដាក់ពង្រាយអាវុធនុយក្លេអ៊ែររបស់រុស្ស៉ី ដោយសារតែសម្ពាធខ្លាំងមិនធ្លាប់មាន របស់លោកខាងលិច ហើយទីក្រុងមីនស្កិ៍ទទូចថា វត្តមានអាវុធទាំងនោះនៅក្នុងប្រទេសបេឡារុស នឹងមិនបំពានកិច្ចព្រមព្រៀងអន្តរជាតិឡើយ។

ក្រសួងការបរទេសបេឡារុស បានចេញសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «បេឡារុសត្រូវបានបង្ខំ ឱ្យឆ្លើយតប តាមរយៈការពង្រឹងសន្តិសុខ ក៏ដូចជាសមត្ថភាពការពារជាតិរបស់ខ្លួន»។ សេចក្តីថ្លែងការណ៍នោះបានបន្តថា រដ្ឋាភិបាលទីក្រុងមីនស្កិ៍ បានស្ថិតក្រោមសម្ពាធមិនធ្លាប់មាន ទាំងផ្នែកនយោបាយនិងសេដ្ឋកិច្ចពីសំណាក់សហរដ្ឋអាមេរិក ហើយនិងសម្ព័ន្ធមិត្តលោកខាងលិច។ បេឡារុសបានអះអាងថា ខ្លួននឹងមិនទទួលបាន សិទ្ធិគ្រប់គ្រងទៅលើអាវុធនុយក្លេអ៊ែររបស់រុស្ស៉ីទេ ហើយការដាក់ពង្រាយរបស់ពួកវានឹងមិន​ផ្ទុយពី សន្ធិសញ្ញានៃការមិនរីកសាយអាវុធនុយក្លេអ៊ែរនោះ ឡើយ។

គួរបញ្ជាក់ថា ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានប្រកាសកាលពីចុងសប្តាហ៍កន្លងទៅនេះ អំពីផែនការដាក់ពង្រាយអាវុធនុយក្លេអ៊ែរតាក់ទិច នៅលើទឹកដីបេឡារុស ខណៈផែនការនោះបាន ញ៉ាំងឱ្យមានការថ្កោលទោសព្រោងព្រាង ពីក្រុមលោកខាងលិច។ បេឡារុសដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធមួយរបស់ទីក្រុងម៉ូស្គូ បានបើកដៃឱ្យរុស្ស៉ីប្រើប្រាស់ទឹកដីខ្លួន ជាកន្លែងបើកការឈ្លានពានចូលកាន់ភាគខាងជើងអ៊ុយក្រែន កាលពី​ខែកុម្ភៈ ឆ្នាំ២០២២។ ចាប់តាំងពេលនោះមក ប្រទេសទាំងពីរបានធ្វើសមយុទ្ធយោធាយ៉ាងញឹកញាប់ជាមួយគ្នា នៅ បេឡារុស ហើយបង្កើនកិច្ចសហប្រតិបត្តិរវាងកងទ័ពរបស់ពួកគេកាន់តែជិតស្និទ្ធ៕